មន្ត្រីជាន់ខ្ពស់មួយរូបរបស់វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៦មីនាសប្ដាហ៍នេះថា រុស្ស៊ីពេញចិត្តនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលថាទីក្រុងវ៉ាស៊ីនតោនបានភ្ជាប់ការផ្តល់ជូនការធានាសន្តិសុខរបស់ខ្លួនទៅនឹងការប្រគល់តំបន់ Donbas ភាគខាងកើតរបស់ទីក្រុងគីវឱ្យទៅរុស្ស៊ី ។

លោក Zelenskyy បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋបាលលោក Trump កំពុងដាក់សម្ពាធលើអ៊ុយក្រែនឱ្យប្រគល់តំបន់ Donbas ភាគខាងកើតដែលកងទ័ពអ៊ុយក្រែននៅតែគ្រប់គ្រង ដោយផ្តល់ការធានាសន្តិសុខរបស់អាមេរិក ប្រសិនបើទីក្រុងគីវដកខ្លួនចេញ។

ប្រេសិតពិសេសរបស់រុស្ស៊ី លោក Kirill Dmitriev បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការអត្ថាធិប្បាយរបស់លោក Zelenskyy ដែលលោកបានធ្វើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters មិនអាចជួយអ្វីបានមែន តែធ្វើឱ្យពួកលោកសប្បាយចិត្តដែរ។

លោក Dmitriev បាននិយាយថា លោក Zelenskyy បាននិយាយរឿងសំខាន់មួយ ហើយទីបំផុត លោកបានយល់ថាជំហររបស់សហរដ្ឋអាមេរិកគឺថាពួកគេនឹងគាំទ្រការធានាសន្តិសុខលុះត្រាតែអ៊ុយក្រែនចាកចេញពីតំបន់ Donbas។

មេដឹកនាំអ៊ុយក្រែនរូបនេះបានប្រាប់សារព័ត៌មាន Reuters ថា ស្របពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ប្រធានាធិបតី Donald Trump កំពុងដាក់សម្ពាធលើទីក្រុងគីវ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរយៈពេលជាងបួនឆ្នាំ ដោយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។
លោកចង់បានការធានាសន្តិសុខដ៏រឹងមាំពីដៃគូអន្តរជាតិ ដើម្បីធានាថា រុស្ស៊ីមិនចាប់ផ្តើមអរិភាពឡើងវិញនាពេលអនាគត បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានព្រមព្រៀងគ្នា៕