យោធាអ៊ីស្រាអែលកំពុងបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ប្រទេសលីបង់ភាគខាងត្បូង ទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់អន្តរជាតិជុំវិញការទម្លាក់គ្រាប់បែកដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល និងការរុលចូលកាន់តែជ្រៅការឈ្លានពានរបស់ប្រទេសនេះលើទឹកដីប្រទេសលីបង់។

យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពមកពីកងពលលេខ១៦២ នឹងធ្វើប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់ «ដោយមានបំណងពង្រីក» អ្វីដែលគេហៅថា «តំបន់ទ្រនាប់» នៅក្នុងតំបន់នោះ។

ការដាក់ពង្រាយកងទ័ពបន្ថែម បានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា យោធាមានផែនការបង្កើត «តំបន់ទ្រនាប់កាន់តែធំ» នៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីទប់ទល់ការគំរាមកំហែងដោយមីស៊ីលពីក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់។ អ៊ីស្រាអែល បានបើកការវាយប្រហារកាន់តែខ្លាំងលើប្រទេសជិតខាងភាគខាងជើងខ្លួនកាលពីដើមខែមីនា បន្ទាប់ពីក្រុមហេសបូឡា បានបាញ់រ៉ូក្កែតចូលទៅទឹកដីប្រទេសអ៊ីស្រាអែល បន្ទាប់ពីការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃទី ២៨ ខែកុម្ភៈ ក្នុងសង្គ្រាមរបស់អាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។ យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសនិងដីគោកនៅទូទាំងប្រទេសលីបង់ ខណៈបានចេញបញ្ជាជម្លៀសប្រជាជនទ្រង់ទ្រាយធំនៅភាគខាងត្បូងប្រទេស រួមទាំងតំបន់ជាយក្រុងជាច្រើននៃរដ្ឋធានីបេរូត។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង ១,២ លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេចាប់តាំងពីដើមខែមីនា បង្កឱ្យមានការព្រួយបារម្ភអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង។ តួលេខពីក្រសួងសុខាភិបាលលីបង់ បានបង្ហាញថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់១.១១៦នាក់ និងរងរបួស ៣.២២៩ នាក់ផ្សេងទៀត។ បរទេស បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ដោយប្រទេសបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា បានព្រមានថា ការវាយលុកតាមដីគោករបស់អ៊ីស្រាអែលដែលត្រូវបានពង្រីក «នឹងមានផលវិបាកផ្នែកមនុស្សធម៌ធ្ងន់ធ្ងរ» និង «ត្រូវតែបញ្ចៀស»។