ចៅក្រមអាមេរិកម្នាក់បាននិយាយថា លោកនឹងមិនច្រានចោលការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដែលបានធ្វើឡើងប្រឆាំងអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងភរិយារបស់លោក លោកស្រី Cilia Flores នោះទេ។ ប៉ុន្តែនៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ ចៅក្រម លោក Alvin Hellerstein បានសួរថាតើរដ្ឋាភិបាលអាមេរិក មានសិទ្ធិហាមឃាត់ប្រទេសវ៉េណេស៊ុយអេឡាពីការផ្តល់មូលនិធិដល់ការចំណាយផ្នែកច្បាប់របស់លោក Maduro ដែរ ឬទេ។ សវនាការនេះ គឺជាលើកដំបូងសម្រាប់លោក Maduro និងភរិយារបស់លោក ចាប់តាំងពីការចោទប្រកាន់កាលពីខែមករា ដែលលោកនិងភរិយាបានផ្តល់ចម្លើយពីភាពគ្មានទោស។

លោក Maduro និងលោកស្រី Flores បានស្វែងរកការលុបចោលការចោទប្រកាន់លើពួកគេ។ លោក Hellerstein បានបដិសេធមិនធ្វើដូច្នេះឡើយ ប៉ុន្តែលោកបានដាក់សម្ពាធរដ្ឋអាជ្ញាលើបញ្ហាមួយចំនួនដែលក្រុមមេធាវីរបស់លោក Maduro បានលើកឡើងនៅក្នុងញត្តិរបស់ខ្លួនដើម្បីបដិសេធករណីនេះ។ ក្នុងចំណោមនោះ មានការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីរារាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ពីការផ្តល់ហិរញ្ញវត្ថុដើម្បីការពារលោក Maduro។ រដ្ឋអាជ្ញាសហព័ន្ធបានអះអាងថា ហេតុផលសន្តិសុខជាតិបានរារាំងសហរដ្ឋអាមេរិកពីការអនុញ្ញាតឲ្យមានការបង់ប្រាក់បែបនេះ។ រដ្ឋអាជ្ញា បានចង្អុលបង្ហាញពីទណ្ឌកម្មដែលកំពុងបន្តប្រឆាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។ ប៉ុន្តែលោក Hellerstein បានបដិសេធអំណះអំណាងនោះ ដោយនិយាយថា លោក Trump បានបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីការចាប់ពង្រត់លោក Maduro នៅថ្ងៃទី៣ ខែមករា។ លោកក៏បានសួរផងដែរថា តើលោក Maduro អាចបង្កការគំរាមកំហែងសន្តិសុខយ៉ាងដូចម្តេច ខណៈកំពុងជាប់ពន្ធនាគារនៅទីក្រុងញូវយ៉ក។
