ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (២៦ មីនា) ថា លោកប្រធានាធិបតី Donald Trump នឹងក្លាយជាមេដឹកនាំសហរដ្ឋអាមេរិកដែលកំពុងកាន់តំណែងដំបូងគេបង្អស់ ដែលមានហត្ថលេខារបស់ខ្លួននៅលើក្រដាសប្រាក់ដុល្លារអាមេរិក។

ហត្ថលេខារបស់លោក Trump នឹងបង្ហាញខ្លួនទន្ទឹមគ្នាជាមួយហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ដែលជាចំណាត់ការមិនធ្លាប់មានពីមុនមកនោះទេ ហើយក្រសួងបាននិយាយថា ការណ៍នេះគឺដើម្បីប្រារព្ធខួបលើកទី២៥០ នៃឯករាជ្យភាពរបស់អាមេរិក។

លោក Bessent បានលើកឡើងថា៖ «ពុំមានវិធីណាដែលមានឥទ្ធិពលជាងការទទួលស្គាល់សមិទ្ធផលប្រវត្តិសាស្ត្រនៃប្រទេសដ៏អស្ចារ្យ និងការទទួលស្គាល់សមិទ្ធផលរបស់លោកប្រធានាធិបតី Donald J Trump ជាងក្រដាសប្រាក់ដុល្លារដែលមានឈ្មោះរបស់លោកនោះទេ»។

ក្រដាសប្រាក់ ១០០ដុល្លារដំបូង ដែលមានហត្ថលេខារបស់លោក Trump និងលោក Bessent នឹងត្រូវបោះពុម្ពនៅក្នុងខែមិថុនា ខាងមុខនេះ ហើយក្រដាសប្រាក់ផ្សេងទៀតនឹងបន្តបោះពុម្ពជាបន្តបន្ទាប់។ ក្រដាសប្រាក់ថ្មីនេះអាចចំណាយពេលច្រើនសប្តាហ៍ដើម្បីចរាចរតាមរយៈធនាគារនានា។ នេះគឺជាចំណាត់ការចុងក្រោយបង្អស់របស់រដ្ឋបាលលោក Trump ក្នុងការភ្ជាប់ឈ្មោះរបស់លោកទៅនឹងកម្មវិធីរដ្ឋាភិបាលនានា និងអគារសាធារណៈជាច្រើន។
គួរឱ្យដឹងថា តាំងពីដើមមក ក្រដាសប្រាក់អាមេរិក តែងតែមានហត្ថលេខារបស់មន្ត្រីរតនាគារប៉ុណ្ណោះ។ ជាទម្លាប់ចាប់តាំងពីឆ្នាំ១៨៦១មក មានតែហត្ថលេខាមន្រ្តីរតនាគារអាមេរិក ត្រូវបានដាក់លើក្រដាសប្រាក់ដុល្លារ ប៉ុន្តែប្រពៃណីនេះនឹងត្រូវបញ្ចប់ក្រោមផែនការថ្មីមួយនេះ៕