អ្នកជំនាញអន្តរជាតិ មកពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយ បានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែងអំពីការ អនុវត្តបច្ចេកវិទ្យា AI និងបានបង្ហាញពីអត្ថប្រយោជន៍មុខងារគ្រឹះជាច្រើន ដែល AI កំពុងជួយដោះស្រាយនៅគ្រប់ប្រតិបត្តិការនានា។

លោក Zhao Hongyu អគ្គនាយករងក្រុមហ៊ុន Beijing Electronic Digital Intelligence Technology (BEDI) បានលើកឡើងក្នុងកិច្ចពិភាក្សាការអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកបានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែង អំពីការអនុវត្តបច្ចេកវិទ្យា AI ដល់មន្រ្តីរាជការ វិស័យឯកជន និងសិស្ស-និស្សិតកម្ពុជា ខណៈដែលវិស័យនេះកំពុងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថល។

លោក Zhao បានរៀបរាប់ពីដំណើររបស់ក្រុមហ៊ុន BEDI ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ AI ដ៏ធំបំផុតមួយរបស់ប្រទេស ចិន, លោកបានលើកឡើងថា BEDI បានបង្កើតក្រុមការងារដ៏ខ្លាំងមួយមកពីគ្រប់វិស័យ និងមានបទពិសោធន៍ចម្រុះ។ ក្រុមហ៊ុនមេ របស់យើងជាក្រុមហ៊ុន Semi-conductor ធំបំផុតនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនរបស់យើងផ្ទាល់ គឺជាក្រុមហ៊ុនដែលកំពុង ព្យាយាម កសាងមូលដ្ឋានគ្រឹះឌីជីថលសម្រាប់ប្រទេសចិន។

លោកបានរៀបរាប់ពីរបៀបដែលមាតិកាបង្កើតដោយ AI (AIGC) ផងដែរ ដែលបានកំពុងផ្លាស់ប្តូរការធ្វើទីផ្សារទេសចរណ៍ និងការអប់រំដោយ អនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដែលពីមុនគឺសម្រាប់តែក្រុម ហ៊ុនធំៗ។

លោកបានបង្ហាញឧទាហរណ៍ ដែលក្រុមការងាររបស់លោកបានជួយឱ្យសហគ្រាសក្នុងស្រុក បង្កើតវីដេអូផ្សព្វផ្សាយរាប់ពាន់ ដោយប្រើ AI ត្រឹមតែក្នុងរយៈពេលមួយយប់ ដែលជួយកាត់បន្ថយចំណាយផលិតកម្ម និងពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជុំវិញបញ្ញាសិប្បនិម្មិត (AI) លោក Zhao បានជំរុញឱ្យភាគីពាក់ព័ន្ធនៅកម្ពុជា ចាប់យកដំណោះស្រាយ AI និងបង្កើនកិច្ច សហប្រតិបត្តិការស៊ីជម្រៅក្នុងការកសាងពិភពលោកឌីជីថលជាមួយគ្នា៕ អត្ថបទ៖ សុន រ៉ាឌី



