បាល់ទាត់៖ ការប្រកួតកីឡាបាល់ទាត់ក្នុងសាលជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ នឹងចាប់ផ្តើមការប្រកួតថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នេះហើយ ដោយក្នុងនោះក្រុមជម្រើសជាតិកម្ពុជាបើកយុទ្ធនាការក្នុងពូល A ដោយជួបជាមួយម៉ាឡេស៊ីនៅទីក្រុងបាងកក ប្រទេសថៃ ខណៈម្ចាស់ផ្ទះជួបជាមួយព្រុយណេ។

ថ្ងៃទី០៣ ខែមេសា កម្ពុជាប្រកួតជាមួយម្ចាស់ផ្ទះថៃ ព្រុយណេប្រកួតជាមួយឥណ្ឌូនេស៊ី។ ចំនែកការប្រកួតផ្សេងទៀតរបស់កម្ពុជាត្រូវជួបជាមួយព្រុយណេថ្ងៃទី៤ ខែមេសា និងប្រកួតចុងក្រោយជួបជាមួយឥណ្ឌូនេស៊ីថ្ងៃទី០៦ ខែមេសា។ ដោយឡែកពូល B មានក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលវៀតណាម សហភាពមីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ត្រាលី។ វគ្គពាក់កណ្តាលត្រូវប្រកួតថ្ងៃទី៨ ខែមេសា និងវគ្គផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី១០ ខែមេដាខាងមុខ។ សូមជម្រាបជូនដែរថា ក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ បានកៅអីឡើងទៅលេងបាល់ទាត់ក្នុងសាលជើងឯកអាស៊ី ២០២២ នៅគុយវ៉ែតពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២៕
អត្ថបទ៖ គង់ ហួន