តម្លៃប្រេងបានធ្លាក់ចុះក្នុងពេលជួញដូរវគ្គដំបូងនៅថ្ងៃសុក្រ ២៧មីនា សប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ការចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមកំពុងដំណើរការដោយរលូន និងបានប្រកាសថា លោក នឹងផ្អាកការវាយប្រហារលើបណ្ដារោងចក្រថាមពលរបស់ប្រទេសនេះរយៈពេល១០ថ្ងៃបន្ថែមទៀត។

តម្លៃប្រេង Brent បានធ្លាក់ចុះ៩០សេន ឬ០,៨ % មកត្រឹម១០៧,១១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល គិតត្រឹមម៉ោង០០២៤ម៉ោងសកល ខណៈដែលតម្លៃប្រេង West Texas Intermediate (WTI )របស់សហរដ្ឋអាមេរិកដែរនោះ បានធ្លាក់ថ្លៃ៨៣សេន ឬ០,៨៨% មកត្រឹម៩៣,៦៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ។

កាលពីថ្ងៃព្រហស្បតិ៍ ២៦មីនា សប្ដាហ៍នេះ ប្រេងឆៅ Brent បានកើនឡើង៥,៧% ខណៈ West Texas Intermediate កើនឡើង៤,៦% លើក្ដីបារម្ភពីការរីករាលដាលជម្លោះថែមទៀតនាពេលខាងមុខទោះបីជាចំនួនជួញដូរសម្រាប់កិច្ចព្រមព្រៀងប្រេងឆៅ Brent សម្រាប់ខែខាងមុខមានកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ២៧ ខែកុម្ភៈ មួយថ្ងៃមុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ក៏ដោយ។

ទោះយ៉ាងណាក៏ដោយ តម្លៃប្រេងឆៅ Brent បានឈានទៅរកការធ្លាក់ចុះប្រចាំសប្ដាហ៍លើកដំបូងរបស់ខ្លួនក្នុងរយៈពេល៦សប្ដាហ៍ ខណៈប្រេងឆៅ WTI បានខាតបង់រយៈពេល២សប្ដាហ៍ជាប់គ្នា ទន្ទឹមនឹងលោក Trump លើកឡើងពីការស្វែងរកការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់៕