លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានលើកឡើងនៅថ្ងៃសុក្រ (២៧ មីនា) នេះថា កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន នឹងបន្តប្រព្រឹត្តទៅនៅក្នុងខែឧសភា ខាងមុខនេះ ប៉ុន្តែនឹងត្រូវកាត់បន្ថយមកត្រឹមកម្មវិធី «ស្នូលសំខាន់ៗ» ប៉ុណ្ណោះដែលផ្តោតលើការដោះស្រាយបញ្ហានានាដូចជា ការផ្គត់ផ្គង់ប្រេងឥន្ធនៈ តម្លៃស្បៀងអាហារ និងពលករចំណាកស្រុក។

លោក Marcos បានប្រាប់អ្នកយកព័ត៌មានថា លោកបានពិភាក្សាជាមួយសមភាគីនានានៅក្នុងប្លុកតំបន់ និងបានសាកសួរមេដឹកនាំទាំងនោះថា តើពួកគេចង់ពន្យារពេលកិច្ចប្រជុំកំពូលអាស៊ាន ដោយសារជម្លោះនៅមជ្ឈិមបូព៌ាដែរឬទេ។ លោក Marcos បានបន្តថា៖ «មតិឯកច្ឆន្ទដែលហ្វីលីពីនទទួលបានគឺថា ពេលវេលានេះហើយគឺជាពេលដែលប្លុកត្រូវតែសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន» ដែលមានន័យថា បច្ចុប្បន្ន កិច្ចប្រជុំនឹងនៅតែបន្តតាមផែនការ។

កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ានឆ្នាំ២០២៦ ដែលធ្វើម្ចាស់ផ្ទះដោយហ្វីលីពីន គ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភា ខាងមុខនេះ។ ហ្វីលីពីនបានចូលកាន់តំណែងជាប្រធានអាស៊ានប្ដូរវេន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ដោយបន្តវេនពីប្រទេសម៉ាឡេស៊ី៕