នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae និយាយថា លោកស្រីបានទទួលការយោគយល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump អំពីលទ្ធភាពនៃការបញ្ជូននាវារបស់ប្រទេសជប៉ុនទៅកាន់ច្រកសមុទ្រ Hormuz។ នៅក្នុងសម័យប្រជុំពេញអង្គរបស់សភាជាន់ទាបកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Takaichi បានរាយការណ៍អំពីជំនួបកំពូលរបស់លោកស្រីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន និងបានឆ្លើយសំណួរពីសមាជិកសភា។

ទាក់ទងនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិក សម្រាប់ការបញ្ជូននាវាទៅកាន់ច្រកសមុទ្រ លោកស្រី Takaichi បាននិយាយថា លោកស្រីបានពន្យល់លម្អិតថា មានចំណាត់ការជាច្រើនដែលជប៉ុនអាចធ្វើ និងមិនអាចធ្វើ នៅក្នុងក្របខ័ណ្ឌច្បាប់របស់ប្រទេសជប៉ុន។

លោកស្រីនាយករដ្ឋមន្ត្រី បាននិយាយថា លោក Trump បានស្តាប់លោកស្រីដោយយកចិត្តទុកដាក់ ហើយលោកស្រីមានចំណាប់អារម្មណ៍ថា លោកយល់ពីការពន្យល់របស់លោកស្រី។ ប៉ុន្តែលោកស្រី បានបដិសេធមិនពន្យល់លម្អិតអំពីអ្វីដែលលោកស្រីបានពន្យល់ដល់លោកប្រធានាធិបតី ដោយសង្កត់ធ្ងន់ថា ការជឿទុកចិត្តគ្នាទៅវិញទៅមកគឺចាំបាច់សម្រាប់មេដឹកនាំទាំងពីរដើម្បីបន្តចូលរួមក្នុងទំនាក់ទំនងដោយស្មោះត្រង់។ លោកស្រី Takaichi ក៏បាននិយាយផងដែរថា លោកស្រី និងលោក Trump បានបញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដើម្បីជំរុញសម្ព័ន្ធភាពជប៉ុន-អាមេរិក ឱ្យកាន់តែល្អប្រសើរ។ លោកស្រីនិយាយថា មេដឹកនាំទាំងពីរមានទស្សនៈដូចគ្នាថា ស្ថានភាពនៅអ៊ីរ៉ង់ចាំបាច់ត្រូវបន្ធូរបន្ថយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយវាជាការសំខាន់ក្នុងការធានាបានសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz និងការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព។ ស្តីពីបញ្ហានៃការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព លោកស្រីនាយករដ្ឋមន្ត្រីនិយាយថា ក្រសួងពាណិជ្ជកម្ម និងអាជីវកម្មឯកជនកំពុងធ្វើការរួមគ្នាដើម្បីធ្វើពិពិធកម្មប្រភពផលិតផលប្រេងរបស់ខ្លួន។