នាវាជាង ៣៥០ គ្រឿងកំពុងរង់ចាំការអនុញ្ញាតពីអ៊ីរ៉ង់ឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស អស់រយៈពេល ២៧ថ្ងៃហើយ បន្ទាប់ពីសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍។

ដោយដកស្រង់របាយការណ៍ចុងក្រោយបំផុត និងការវិវត្តនៅក្នុងតំបន់ សារព័ត៌មាន Fars បានឲ្យដឹងថា ផ្លូវទឹកយុទ្ធសាស្ត្រនេះ នៅតែបិទចំពោះសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ពួកគេ ពុំនាវាណាមួយ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ ដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់ឡើយ។

យោងតាមរបាយការណ៍ នាវាទាំងនោះ ត្រូវបានបញ្ជាឲ្យបិទប្រព័ន្ធដំណើរការរបស់ពួកគេ ហើយឈប់នៅស្ងៀម។
Fars បានបញ្ជាក់ថា ក្នុងចំណោមនាវាដែលកំពុងរង់ចាំនោះ មាននាវាដឹកប្រេងធំៗចំនួន ២៥គ្រឿង នាវាដឹកប្រេងចំនួន ២០០ គ្រឿង និងនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៧០គ្រឿង ដោយបន្ថែមថា បើគ្មានការយល់ព្រមពីអ៊ីរ៉ង់ទេ ពួកគេមិនអាចបន្តដំណើរ ឬចូលចតនៅកំពង់ផែក្នុងតំបន់បានទេ ដោយសារផ្លូវសមុទ្រនេះ នៅតែស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអង្គារ មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) លោក Alireza Tangsiri បាននិយាយថា នាវាណាមួយដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវតែសម្របសម្រួលយ៉ាងពេញលេញជាមួយអាជ្ញាធរដែនសមុទ្រអ៊ីរ៉ង់៕