ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទីក្រុងប៉េកាំង លោក Wang Wentao បានថ្លែងក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ក្រសួងពាណិជ្ជកម្មចិន និយាយថា កិច្ចពិភាក្សានេះបានកើតឡើងក្នុងអំឡុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោក WTO នៅប្រទេសកាមេរូន កាលពីថ្ងៃព្រហស្បតិ៍ (២៦ មីនា)។ លោក Wang បាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរតែជាក្បាលម៉ាស៊ីននៃទំនាក់ទំនងចិន-អាមេរិក ហើយភាគីទាំងពីរគួរតែ «ចាត់ចែងទំនាក់ទំនងរវាងការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការ ឱ្យបានត្រឹមត្រូវ»។

លោកបន្តថា ប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក «ជៀសវាងការប្រកួតប្រជែងដ៏កាចសាហាវ» និងរួមគ្នា «សម្លឹងឆ្ពោះទៅមុខ» ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីដែលមានសុខភាពល្អ និងមានស្ថិរភាព។ លោក Wang ក៏បានសម្តែងក្ដីបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការស៊ើបអង្កេតផ្នែកពាណិជ្ជកម្មក្រោមមាត្រា ៣០១ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសេដ្ឋកិច្ចមួយចំនួន រួមទាំងចិនផងដែរ។

គួរឱ្យដឹងថា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយនៅក្នុងខែមីនានេះថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតលើកទីពីរនៃការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌តាមមាត្រា ៣០១ លើសេដ្ឋកិច្ចចំនួន ៦០ ទូទាំងពិភពលោក ទាក់ទងនឹងអ្វីដែលខ្លួនហៅថា «បរាជ័យក្នុងការចាត់វិធានការលើពលកម្មដោយបង្ខំ»៕