យោងតាមរបាយការណ៍ថ្មីមួយពីវិទ្យាស្ថាន Mitchell សម្រាប់ការសិក្សាលំហអាកាស បានឱ្យដឹងថា ចិនបានដាក់ពង្រាយយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេងដែលហួសសម័យហើយត្រូវបានកែច្នៃទៅជាដ្រូនវាយប្រហារ នៅតាមមូលដ្ឋានទ័ពអាកាសចំនួន ៦កន្លែង ក្បែរច្រកសមុទ្រតៃវ៉ាន់។

រូបភាពផ្កាយរណបនៃអាកាសយានដ្ឋានយោធាទាំងនេះ ពីរបាយការណ៍ខែកុម្ភៈចំណងជើងថា «កម្មវិធីតាមដានអំណាចដែនអាកាសចិន» បានបង្ហាញឱ្យឃើញនូវជួរយន្តហោះមានស្លាបរាងទ្រវែង ដែលត្រូវគ្នានឹងរូបរាងនៃយន្តហោះចម្បាំងប្រភេទ J-6 ដែលហោះហើរដំបូងជាមួយកងទ័ពអាកាសចិន ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ យោងតាមរបាយការណ៍ពីវិទ្យាស្ថានមានមូលដ្ឋានសហរដ្ឋអាមេរិកមួយនេះ ចាប់តាំងពីការកែច្នៃទៅជាដ្រូនមក យន្តហោះទាំងនោះត្រូវបានមើលឃើញនៅមូលដ្ឋានចំនួន៥ ក្នុងខេត្តហ្វ៊ូជាន និងមួយកន្លែងទៀតក្នុងខេត្តក្វាងទុង។

លោក J. Michael Dahm សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Mitchell បាននិយាយថា កងទ័ពរំដោះប្រជាជនចិន (PLA) បានដាក់ពង្រាយយន្តហោះចម្បាំងចាស់ៗដែលកែច្នៃជាដ្រូន ប្រមាណ ២០០គ្រឿង ឬលើសពីនេះ ទៅកាន់អាកាសយានដ្ឋានយោធាក្បែរច្រកសមុទ្រតៃវ៉ាន់។

បច្ចុប្បន្ន ចិនកំពុងគ្រប់គ្រងទីផ្សារដ្រូនពាណិជ្ជកម្មសកល។ ជាមួយគ្នានេះ ទីក្រុងប៉េកាំងក៏កំពុងវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាដ្រូនយោធា ខណៈខ្លួនកំពុងពង្រឹងកម្លាំងអាវុធដែលចាំបាច់ ដើម្បីក្រសោបយកកោះតៃវ៉ាន់ ដោយប្រើកម្លាំងប្រសិនបើចាំបាច់។ យោងតាមក្រុមអ្នកជំនាញខាងសង្គ្រាមផ្លូវអាកាស ដ្រូនដែលបានកែច្នៃទាំងនេះ គឺជាផ្នែកមួយនៃអាវុធអាកាសចម្រុះដែលកំពុងរីកចម្រើនរបស់ទីក្រុងប៉េកាំង រួមមានយន្តហោះទម្លាក់គ្រាប់បែកបំពាក់មីស៊ីលរយៈចម្ងាយឆ្ងាយ យន្តហោះចម្បាំងទំនើប មីស៊ីលបាលីស្ទិក មីស៊ីលតម្រង់គោលដៅ និងហ្វូងដ្រូនទំនើបៗជាច្រើនទៀត៕