ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថា អសកម្មក្នុងស្ថានភាពជាមួយអ៊ីរ៉ង់។

លោកបានសរសេរនៅលើទំព័ររបស់លោក នៅលើបណ្តាញសង្គម Truth Social ថា៖«ប្រទេសណាតូមិនបានធ្វើអ្វីទាល់តែសោះ ដើម្បីជួយដោះស្រាយជាមួយប្រទេសអ៊ីរ៉ង់ទេ ដែលឥឡូវនេះ ត្រូវបានបំផ្លាញដោយយោធា។ សហរដ្ឋអាមេរិក មិនត្រូវការអ្វីពីណាតូទេ ប៉ុន្តែកុំភ្លេចថា ស្ថានភាពនេះ នឹងបង្កឲ្យមាន ផលវិបាកដ៏ធ្ងន់ធ្ងរ»។

នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់អង្គការណាតូថា ជា «ខ្លាក្រដាស» ចំពោះការបដិសេធរបស់សម្ព័ន្ធមិត្តអឺរ៉ុប ក្នុងការចូលរួមបេសកកម្មដែនសមុទ្រដែលមានសក្តានុពល នៅក្នុងច្រកសមុទ្រហ័រមូស។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅលើទីតាំងជាច្រើន នៅអ៊ីស្រាអែល។ ចំណែកមូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារ ផងដែរ៕