អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើអ៊ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃសុក្រ (២៧ មីនា) នេះ មុនពេលកិច្ចប្រជុំដែលបានគ្រោងទុករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាកំពុងស្ថិតក្នុងភាពទាល់ច្រកផ្នែកការទូត ដែលបង្កើតឱ្យមានក្ដីបារម្ភអំពីជម្លោះកាន់តែខ្លាំងឡើង នៅពេលសង្គ្រាមមជ្ឈិមបូព៌ា ជិតបញ្ចប់ខែដំបូងរបស់ខ្លួនទៅហើយ។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃសុក្រនេះលើគោលដៅនានា «នៅចំកណ្តាលទីក្រុងតេអេរ៉ង់» បានកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែល និយាយថា ខ្លួននឹង «បង្កើន» ការវាយប្រហារលើរោងចក្រផលិតអាវុធរបស់អ៊ីរ៉ង់។ ផ្សែងយ៉ាងខ្មួលខ្មាញ់ក៏ត្រូវបានមើលឃើញនៅទីក្រុងបេរូត របស់លីបង់ផងដែរ។
នៅអ៊ីស្រាអែល ស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារតាមអាកាស បានបន្លឺឡើងនៅពេលយោធានិយាយថា ខ្លួនកំពុងស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានបន្តការវាយប្រហាររបស់ខ្លួនលើប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ដោយមានសេចក្តីរាយការណ៍អំពីដ្រូន និងមីស៊ីលដែលបានបាញ់ចូលទៅកូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។
សហរដ្ឋអាមេរិក បាននិងកំពុងជំរុញឱ្យអ៊ីរ៉ង់ ចាប់ផ្តើមការចរចាលើសំណើ ១៥ចំណុចសម្រាប់បទឈប់បាញ់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏បានបញ្ជាឱ្យបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមទៀតទៅកាន់តំបន់នោះ ដែលអាចជាការត្រៀមលក្ខណៈសម្រាប់ការព្យាយាមប្រើកម្លាំងយោធា ដើម្បីដណ្តើមគ្រប់គ្រងច្រកសមុទ្រហ័រមូស ចេញពីកណ្តាប់ដៃរបស់អ៊ីរ៉ង់៕

