ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) បានអំពាវនាវដល់គ្រប់ភាគីជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ឲ្យជួយជំរុញដល់ដំណើរការ «ការបញ្ចប់សង្គ្រាម» ដោយព្រមានថា អ្នកស្លាប់ និងរបួស នឹងមានកាន់តែច្រើនឡើងៗ ប្រសិនបើជម្លោះនៅតែបន្តឥតឈប់បែបនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ប្រសិនបើសង្គ្រាមនៅតែបន្ត វានឹងនាំឲ្យមានអ្នកស្លាប់ និងរបួស និងការខាតបង់កាន់តែច្រើនបន្ថែមទៀត ហើយនាំឲ្យស្ថានភាពរីករាលដាលកាន់តែខ្លាំង។ សង្គ្រាមមិនផ្ដល់ផលប្រយោជន៍ឲ្យនរណាម្នាក់ឡើយ»។ លោក Lin បានសង្កត់ធ្ងន់ថា៖ «អាទិភាពបន្ទាន់ឥឡូវនេះ គឺត្រូវជួយឲ្យមានកិច្ចចរចាសន្តិភាពយ៉ាងសកម្ម ចាប់យកឱកាសបង្កើតសន្តិភាព និងជំរុញឲ្យមានដំណើរការបញ្ចប់សង្គ្រាម»។

លោកបានបន្តថា៖ «ប្រទេសចិនគាំទ្រកិច្ចប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់ការបន្ធូរបន្ថយភាពតានតឹង។ គ្រប់ភាគីទាំងអស់ត្រូវធ្វើការក្នុងទិសដៅស្របគ្នា និងបង្កើតលក្ខខណ្ឌ សម្រាប់ការចាប់ផ្តើមការចរចាសន្តិភាពដ៏ពិតប្រាកដមួយ ប្រកបដោយអត្ថន័យ និងស្មោះត្រង់»។ លោកបាននិយាយទៀតថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដើរតួនាទី «ស្ថាបនា ដើម្បីសម្រេចគោលដៅនេះ»។
ដោយឡែកពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចដែលត្រូវបានពន្យារពេលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន លោក Lin បានប្រាប់ថា ប្រមុខការទូតរដ្ឋ ដើរតួនាទី «មិនអាចជំនួសបាន» នៅក្នុងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង២។ លោកបានបញ្ជាក់បន្ថែមថា ភាគីទាំង២ «កំពុងទាក់ទងពិភាក្សាគ្នា ជុំវិញដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Trump មកកាន់ប្រទេសចិន»៕


