នាវាពាណិជ្ជកម្មប្រហែល ១.៩០០គ្រឿង បានជាប់នៅក្នុងច្រកសមុទ្រ Hormuz ជាពិសេសនៅក្នុងឈូងសមុទ្រពែរ្ស ចាប់តាំងពីមានការចាប់ផ្តើមនូវការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ក្រោយមានការវាយប្រហារនោះ ទីក្រុងតេអេរ៉ង់បានបិទផ្លូវទឹកដ៏សំខាន់នេះ ចំពោះនាវាដែលមានទំនាក់ទំនងជាមួយប្រទេសដែលកំពុងវាយប្រហារខ្លួន ដោយធ្វើឲ្យចរាចរណ៍ផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រជាប់គាំង។ នាវានៅក្នុងតំបន់នេះ ដែលរៀបចំធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ មិនអាចធ្វើដូច្នេះបានឡើយដោយសារតែភាពតានតឹងផ្នែកយោធា ដោយនាវាភាគច្រើនដែលជាប់នៅទីនេះ បានទម្លាក់យុថ្កានៅក្នុងដែនទឹកបើកចំហ។
ទីក្រុងតេអេរ៉ង់បានប្រាប់ថា នាវាមកពីប្រទេស ក្រៅពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាគូអរិរបស់ខ្លួន អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបាន ដរាបណានាវាទាំងនោះមិនចូលរួម ឬគាំទ្រការឈ្លានពាន ប្រឆាំងនឹងអ៊ីរ៉ង់ និងគោរពយ៉ាងពេញលេញតាមបទប្បញ្ញត្តិសន្តិសុខ និងសុវត្ថិភាព។

លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃទីបញ្ជាការបង្រួបបង្រួមកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយនៅសប្ដាហ៍នេះថា ភាគីអ៊ីរ៉ង់បានផ្លាស់ប្តូរច្បាប់ច្រកសមុទ្រ ហើយស្ថានភាពនឹងមិនវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមវិញទេ ដោយបញ្ជាក់ថា គ្មានអង្គភាពណាមួយដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានសិទ្ធិឆ្លងកាត់នោះឡើយ។
បើយោងតាមកម្មវិធីតាមដាននាវា MarineTraffic បានបង្ហាញថា គិតត្រឹមថ្ងៃទី ២០-២២ ខែមីនា នាវាប្រហែល ១.៩០០គ្រឿង មិនអាចធ្វើដំណើរនៅជិតច្រកសមុទ្រ Hormuz បានឡើយ។ ហើយបើតាមក្រុមហ៊ុនវិភាគ Vortexa បានឲ្យដឹងថា ប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈប្រហែល ១៩០លានបារ៉ែល ស្ថិតនៅលើនាវាដឹកប្រេងដែលជាប់នៅក្នុងតំបន់នេះ៕
