រដ្ឋាភិបាលអាស៊ីកំពុងដាក់ចេញវិធានការបន្ទាន់ បន្ទាប់ពីការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានបញ្ឈប់ស្ទើរទាំងស្រុង ដែលរំខានដល់សរសៃឈាមសំខាន់មួយ សម្រាប់ការផ្គត់ផ្គង់ថាមពលសកល និងជំរុញឲ្យតម្លៃហក់ឡើងខ្ពស់។
មុនពេលមានការវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ប្រហែល ២០ភាគរយនៃការប្រើប្រាស់ប្រេងតាមសមុទ្រ និងពាណិជ្ជកម្មឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោក បានឆ្លងកាត់ច្រកសមុទ្រនេះ ដែលភាគច្រើនឆ្ពោះទៅអាស៊ី ក្នុងនោះរួមមានទាំងប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។
ចរាចរណ៍នៅច្រកនេះ បានថយចុះដល់កម្រិតស្ទើរលែងមានសោះ បន្ទាប់ពីមានការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល និងការសងសឹករបស់អ៊ីរ៉ង់ ដែលជំរុញឲ្យមានក្ដីបារម្ភ អំពីកង្វះខាតការផ្គត់ផ្គង់ និងការកើនឡើងតម្លៃយ៉ាងខ្លាំង។

រដ្ឋាភិបាលនានានៅទូទាំងតំបន់អាស៊ី កំពុងចាត់វិធានការ ដើម្បីទប់ស្កាត់តម្រូវការថាមពល និងដោះស្រាយការខ្វះខាត រួមទាំងការប្តូរទៅប្រើឥន្ធនៈជំនួស ការណែនាំ អំពីការធ្វើការពីចម្ងាយ ការកាត់បន្ថយថ្ងៃធ្វើការ និងការផ្អាកការអប់រំផងដែរ។ ហ្វីលីពីនបានប្រកាសអាសន្នថាមពលជាតិ ដោយប្រាប់ថា ប្រេងឥន្ធនៈប្រុងរបស់ខ្លួន នឹងមានរយៈពេលប្រហែល ៤៥ថ្ងៃ។
ក្រុមហ៊ុនប្រេងឥន្ធនៈបង់ក្លាដែសបានបញ្ជាក់ថា ប្រេងបម្រុងរបស់ប្រទេសនេះនឹងមានពី ៩ ទៅ ១៤ថ្ងៃ។ ឥណ្ឌាបានពង្រីកបញ្ជីដៃគូនាំចូលថាមពលរបស់ខ្លួនពី ២៧ ទៅ ៤២ ជាកិច្ចប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់។ ចំណែកជប៉ុនកំពុងរៀបចំការបញ្ចេញប្រេងពីការបម្រុងយុទ្ធសាស្ត្រ។
ជាមួយគ្នានេះ ប្រទេសមួយចំនួនក៏កំពុងពិនិត្យឡើងវិញផងដែរនូវគោលនយោបាយសម័យជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល។ ជាក់ស្ដែង ប៉ាគីស្ថានបានប្រកាសពីថ្ងៃធ្វើការ ៤ថ្ងៃ ក្នុងមួយសប្តាហ៍ សម្រាប់ការិយាល័យសាធារណៈ និងការបិទសាលារៀន និងសាកលវិទ្យាល័យរយៈពេល ២សប្តាហ៍។ ចំណែកឥណ្ឌូនេស៊ីកំពុងពិចារណាលើការសិក្សាបែបចម្រុះ និងគំរូធ្វើការពីចម្ងាយមួយថ្ងៃ ក្នុងមួយសប្តាហ៍ចាប់ពីខែមេសា។
រីឯវៀតណាមបានជំរុញឲ្យកន្លែងធ្វើការយល់ព្រមឲ្យមានការធ្វើការពីចម្ងាយ ខណៈថៃបានណែនាំបុគ្គលិកវិស័យសាធារណៈឲ្យធ្វើការពីផ្ទះ និងផ្អាកការធ្វើដំណើរទៅក្រៅប្រទេស។
គួរបញ្ជាក់ថា ខណៈពេលដែលស្តុកប្រេងកំពុងថយចុះជាលំដាប់ ប្រទេសជាច្រើនកំពុងងាកទៅរកផលិតផលប្រេងឥន្ធនៈគុណភាពទាប ឬជម្រើសដែលបំពុលដល់បរិស្ថាន ដូចជាធ្យូងថ្មជាដើម៕


