របបយោធាមីយ៉ាន់ម៉ា បានបង្ហាញសញ្ញានៃការផ្លាស់ប្តូរភាពជាអ្នកដឹកនាំរបស់យោធា មុនពេលមានព្រឹត្តិការណ៍បង្ហាញកម្លាំងប្រចាំឆ្នាំរបស់ប្រទេស នាថ្ងៃសុក្រ (ទី២៧ ខែមីនា ឆ្នាំ២០២៦) ដែលអាចបើកផ្លូវឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Min Aung Hlaing ក្លាយជាប្រធានាធិបតី។
ទាហានរាប់ពាន់នាក់នឹងដើរក្បួន សម្រាប់ទិវាកងកម្លាំងប្រដាប់អាវុធ (Armed Forces Day) នៅឯទីលានព្យុហយាត្រា ក្នុងរដ្ឋធានីណៃពិដោ (Naypyitaw) ជាកន្លែងដែលលោកឧត្តមសេនីយ៍ Min Aung Hlaing នឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោក ដើម្បីលើកកម្ពស់ស្មារតី។
លោកបានឡើងគ្រប់គ្រងអំណាច ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលដ៏មានប្រជាប្រិយខ្លាំងរបស់លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ក្នុងឆ្នាំ២០២១ ដោយឃុំខ្លួនម្ចាស់ពានរង្វាន់ណូបែលសន្តិភាព រំលាយគណបក្សរបស់លោកស្រី និងបង្កឲ្យមានសង្គ្រាមស៊ីវិល រហូតដល់សព្វថ្ងៃ។

សារព័ត៌មាន Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់សម្តីរបស់លោក Soe Win ជំនួយការរបស់លោកឧត្តមសេនីយ៍ Min Aung Hlaing ដែលបាននិយាយនៅក្នុងពិធីជប់លៀងផ្លូវការមួយ កាលពីថ្ងៃទី២៦ ខែមីនាថា នឹងមាន «ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ» នៅក្នុងកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីព្រឹត្តិការណ៍នេះ។
សមាជិកសភានឹងចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតីនៅសប្តាហ៍ក្រោយ បន្ទាប់ពីគណបក្សគាំទ្រយោធាទទួលបានជ័យជម្នះយ៉ាងងាយស្រួលនៅដើមឆ្នាំ២០២៦ នេះ នៅក្នុងការបោះឆ្នោតដែលត្រួតពិនិត្យដំណើរការដោយរបបយោធា។ ក្រុមអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យបានលើកឡើងថា ការបោះឆ្នោតនោះ ដែលត្រូវបានរៀបចំឡើងជាដំណាក់នោះ គឺដើម្បីរារាំងក្រុមមានគំនិតផ្ទុយ។
យោងតាមរដ្ឋធម្មនុញ្ញ លោកឧត្តមសេនីយ៍ Min Aung Hlaing នឹងត្រូវចុះចេញពីតំណែងយោធារបស់លោក ដើម្បីបានក្លាយជាប្រធានាធិបតី ហើយការអត្ថាធិប្បាយរបស់លោក Soe Win កាន់តែគាំទ្រដល់ការរំពឹងទុក ដែលថា លោកនឹងធ្វើដូច្នេះ។ លោកគឺជាប្រធានាធិបតីស្តីទីរួចហើយ ប៉ុន្តែការកាន់តែតំណែងនេះផ្លូវការរយៈពេលវែង នឹងកាន់តែជំរុញឲ្យអ្នករិះគន់និយាយថា ការផ្លាស់ប្តូរទៅរដ្ឋាភិបាលថ្មី គឺគ្រានតែជាការផ្ទេរអំណាចទៅឲ្យខ្លួនឯងដោយយោធា ក្រោមរូបភាពស៊ីវិល៕
