រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅទីក្រុង Jeddah នាថ្ងៃសុក្រនេះ ហើយនិងបានពិភាក្សាលើការកើនឡើងភាពតានតឹងក្នុងតំបន់ ហើយនិងវិបត្តិនៅអ៊ុយក្រែន ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត ។
រូបថតសន្លឹកបញ្ចេញដោយទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត នៅលើបណ្តាញព័ត៌មានសង្គមឃើញលោក Zelenskiy និងព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាមេដឹកនាំតាមព្រឹត្តន័យរបស់អារ៉ាប៊ីសាអ៊ូឌីត ជជែកពិភាក្សាគ្នាដោយមានវត្តមានចូឡរួមពីក្រុមមន្រ្តីភាគីទាំង ២ ។

ពុំមានសេចក្តីលម្អិតណាមួយត្រូវបានផ្តល់ជូននោះទេ ។ នៅដើមខែនេះ លោក Zelenskiy បាននិយាយថា លោកបានជជែកគ្នាជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ហើយលោកបានបញ្ជាក់ឡើងវិញពីការផ្តល់ជូនរបស់ទីក្រុងគីវ ក្នុងការជួយទប់ទល់ជាមួយយានដ្រូនអ៊ីរ៉ង់ ។
អារ៉ាប៊ីសាអ៊ូឌីត បានប្រកាន់ភ្ជាប់គោលជំហររបស់ខ្លួនជាអ្នកសម្របសម្រួលដ៏សំខាន់មួយនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយកាលពីមុនពួកគេធ្លាប់ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាពាក់ព័ន្ធនឹងសន្តិភាពរបស់ប្រទេសទាំងជម្លោះទាំង ២ ។
ជំនួបនៅថ្ងៃសុក្រនេះដែរ បានកើតមានឡើង ស្របពេលលោក Zelenskiy ស្វែងរកការគាំទ្រអន្តរជាតិធំទូលាយជាងមុន ខណៈកើតមានសង្រ្គាមជាមួយរុស្ស៊ី ហើយនិងតំបន់មជ្ឈិមបូព៌ា ប្រឈមនឹងភាពតានតឹងថ្មី រួមទាំងភាពតានតឹងកាលពីពេលថ្មីៗពាក់ព័ន្ធជាមួយអ៊ីរ៉ង់ ។
ជំនួបរបស់មេដឹកនាំទាំង ២ ត្រូវបានធ្វើឡើងនៅពេលដែលអ៊ុយក្រែន កំពុងពង្រឹងទំនាក់ទំនងជាមួយបណ្តារដ្ឋឈូងសមុទ្រ ដើម្បីទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និងនយោបាយបន្ថែមទៀត ៕

