ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិ ឯកឧត្តម អាន សុខខឿន ថ្លែងថា «បើទោះបីជាកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន១៩លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង»។
ការថ្លែងដូចនេះ ក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្មីៗនេះ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន៣៦ប្រទេស បានចូលរួមថ្លែងបទអន្តរាគមន៍។



