ក្រុមមន្រ្តីម៉ិកស៊ិក និយាយថា ការកំពប់ប្រេងនៅក្នុងតំបន់ឈូងសមុទ្រម៉ិកស៊ិក អាចដោយសារបុព្វហេតុធម្មជាតិ និងនាវាដឹងប្រេងមិនស្គាល់អត្តសញ្ញាណ ។
មេបញ្ជាការកងទ័ពជើងទឹកម៉ិកស៊ិកលោក Raymundo Morales និយាយថា រូបភាពផ្កាយរណបឃើញរំអិលប្រេងបានអណ្តែតត្រៀបត្រានៅជិតតំបន់ឆ្នេរ ដែលអាចបណ្តាលមកពីនាវា ១៣គ្រឿងធ្វើដំណើរឆ្លងកាត់ ក្នុងនោះ នាវា ៤គ្រឿង ត្រូវបានអង្កេតដោយកងទ័ពជើងទឹក ។

ម៉ិកស៊ិក បានស្នើសុំកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីតាមដាននាវាសេសសល់ ៩គ្រឿងទៀត ដែលបានចាកចេញពីដែនសមុទ្រ ។
លោក Morales និយាយផងដែរថា ការជ្រាបប្រេងចេញពីបាតសមុទ្រធម្មជាតិ អាចរួមចំណែកនៅក្នុងការកំពប់ប្រេងនេះដែរ ។
លោកថា ទាំងនេះគឺជាការជ្រាបប្រេងធម្មជាតិ ដែលហូរចេញគ្រប់ឆ្នាំ ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែមុន ស្ថានភាពបំពុលបរិស្ថាននេះ កាន់តែអាក្រក់ទៅ ។ ពួកយើងត្រូវការវាយតម្លៃអ្វីកំពុងកើតឡើង ថាតើការជ្រាបប្រេងធម្មជាតិបានកើតឡើងឬយ៉ាងណា ថាតើមាននូវការខូចរចនាសម្ព័ន្ធណាមួយនៅអណ្តូងប្រេងដែរឬអត់ ។
ក្រុមអាជ្ញាធរជាមួយក្រុមហ៊ុនថាមពលរដ្ឋម៉ិកស៊ិក Pemex បានដាក់ពង្រាយរបាំងសមុទ្រ ដើម្បីទប់ស្កាត់ការកំពប់ប្រេងនេះ ។ ក្រុមហ៊ុន Pemex បានត្រួតពិនិត្យមើលក្រោមទឹកផងដែរ ដើម្បីច្រានចោលការខូចអណ្តូងប្រេង ។
បើទោះបីជាការកំពប់ប្រេងនេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពតំបន់ឆ្នេរ និងជីវិតសត្វសមុទ្រនៅរដ្ឋភាគខាងត្បូងម៉ិកស៊ិកយ៉ាងណាក្តី រដ្ឋមន្រ្តីក្រសួងបរិស្ថានម៉ិកស៊ិកលោក Alicia Barcena និយាយថា ស្ថានភាពនេះ អាចគ្រប់គ្រងបាន ៕
