លោក Balendra Shah ដែលជាតារាចម្រៀងរ៉េបប្រែក្លាយទៅជាអ្នកនយោបាយរបស់ប្រទេសនេប៉ាល់ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីផ្លូវការហើយ នៅថ្ងៃសុក្រ (ទី២៧ ខែមីនា ឆ្នាំ២០២៧) នេះ បន្ទាប់ពីឈ្នះការបោះឆ្នោត ដែលរៀបចំឡើងជាលើកដំបូង ចាប់តាំងពីការតវ៉ាប្រឆាំងអំពើពុករលួយបណ្ដាលឲ្យមានអ្នកស្លាប់ច្រើន បានផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំមុន។
អ្នកនយោបាយកំនែទម្រង់ដែលទើបមានអាយុ ៣៥ឆ្នាំរូបនេះ និងគណបក្ស Rastriya Swatantra (RSP) របស់លោក បានគ្របដណ្ដប់លើការបោះឆ្នោតនៅខែនេះ លើវេទិកានៃការផ្លាស់ប្តូរនយោបាយដែលជំរុញដោយយុវជន។ ដោយមានសម្លៀកបំពាក់ពណ៌ខ្មៅទាំងអស់ រួមជាមួយវ៉ែនតាខ្មៅ លោក Shah បាននិយាយថា៖ «ខ្ញុំ គឺ Balendra Shah តាងនាមឲ្យប្រទេស និងប្រជាជន សូមសន្យាថា ខ្ញុំនឹងស្មោះត្រង់ ចំពោះរដ្ឋធម្មនុញ្ញ»។
ហ្វូងមនុស្ស នៅក្នុងពិធីធ្វើសច្ចាប្រណិធាននេះ បានអបអរសាទរ និងស្រែកហៅឈ្មោះរបស់លោក បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការ ជាកន្លែងដែលរូបលោកបានតែងតាំងមុខតំណែងសំខាន់ៗក្នុងគណៈរដ្ឋមន្ត្រី ក្នុងនោះរួមទាំងការប្រគល់តួនាទីឲ្យអតីតសកម្មជនយុវជន លោក Sudan Gurung ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។

គួររំលឹកថា យ៉ាងហោចណាស់មនុស្ស ៧៧នាក់បានបាត់បង់ជីវិត អំឡុងការបះបោរយុវជន ប្រឆាំងអំពើពុករលួយ ដែលបានចាប់ផ្តើមដោយសារតែការហាមឃាត់ប្រើប្រាស់បណ្ដាញសង្គមរយៈពេលខ្លី ប៉ុន្តែបានផ្សារភ្ជាប់ជាមួយនឹងការមានកំហឹងជាយូរមកហើយ ពាក់ព័ន្ធនឹងការលំបាកផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសដែលមានប្រជាជន ៣០លាននាក់នេះ។
លោក Shah ដែលត្រូវបានគេស្គាល់ថា Balen បានស្បថចូលកាន់តំណែង មួយថ្ងៃបន្ទាប់ពីលោកបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមីនា តាមរយៈបទចម្រៀងរ៉េបដែលបានបង្ហោះនៅលើបណ្ដាញសង្គម៕

