កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងនៅថ្ងៃសុក្រ (ទី២៧ ខែមីនា ឆ្នាំ២០២៦) នេះថា ច្រកសមុទ្រ Hormuz ត្រូវបានបិទ ហើយការដឹកជញ្ជូនណាមួយឆ្លងកាត់ផ្លូវទឹក នឹងប្រឈមជាមួយ «វិធានការធ្ងន់ធ្ងរខ្លាំង»។
ជាមួយគ្នានេះ IRGC ក៏បានឲ្យដឹងផងដែរថា ច្រកសមុទ្រ Hormuz ត្រូវបាន «បិទ» ចំពោះនាវាដែលធ្វើដំណើរទៅ និងមកពីកំពង់ផែសត្រូវ ហើយថា ពួកគេបានតម្រូវឲ្យបកត្រឡប់ក្រោយវិញ ចំពោះនាវាចំនួន ៣គ្រឿងដែលកំពុងស្វែងរកឆ្លងកាត់ចំណុចឆ្លងកាត់។
IRGC បានឲ្យដឹងនៅលើគេហទំព័រ Sepah News របស់ខ្លួនថា៖ «ព្រឹកនេះ នាវាកុងតឺន័រចំនួន ៣គ្រឿងដែលមានសញ្ជាតិផ្សេងៗគ្នា ត្រូវបានតម្រូវឲ្យបកត្រឡប់ក្រោយវិញ បន្ទាប់ពីការព្រមានពីកងទ័ពជើងទឹក IRGC»។
លើសពីនោះទៀត IRGC បានអះអាងថា នាវាទាំងនោះបានព្យាយាមឆ្លងកាត់ «បន្ទាប់ពីមានការនិយាយកុហករបស់ប្រធានាធិបតីអាមេរិកដែលអះអាងថា ច្រកសមុទ្រ Hormuz ត្រូវបានបើកហើយ»។
គួរបញ្ជាក់ថា ការប្រកាសនេះកើតមានឡើងបន្ទាប់ពីមានការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃទី២៥ ខែមីនា ជាពេលដែលលោកបាននិយាយថា ច្រកសមុទ្រ នៅតែបើកចំហ សម្រាប់តែ «សត្រូវ» របស់អ៊ីរ៉ង់ប៉ុណ្ណោះ។ លោក Araqchi បានបញ្ជាក់ថា អ៊ីរ៉ង់បានអនុញ្ញាតឲ្យនាវាមកពីប្រទេសជាមិត្ត រួមទាំងចិន រុស្ស៊ី ឥណ្ឌា អ៊ីរ៉ាក់ និងប៉ាគីស្ថាន ឆ្លងកាត់៕