ក្រុមហាម៉ាសនឹងត្រូវបានតម្រូវឲ្យព្រមអនុញ្ញាតបំផ្លាញបណ្តាញផ្លូវរូងក្រោមដីដ៏ធំ នៅតំបន់ហ្កាហ្សា ខណៈពេលដែលខ្លួនត្រូវបោះបង់អាវុធជាដំណាក់កាល ក្រោមផែនការរំសាយអាវុធដែលត្រូវបានបង្ហាញដល់ក្រុមសកម្មប្រយុទ្ធដោយ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) របស់ប្រធានាធិបតីអាមេរិក Donald Trump និងត្រូវបានឃើញដោយសារព័ត៌មាន Reuters។
ផែនការនេះធ្វើឡើងតាមរយៈពេលកំណត់ ៨ខែ ដែលចាប់ផ្តើមដោយក្រុមប្រឹក្សាអ្នកជំនាញប៉ាឡេស្ទីនគាំទ្រដោយសហរដ្ឋអាមេរិក គ្រប់គ្រងសន្តិសុខហ្កាហ្សា និងបញ្ចប់ដោយកងកម្លាំងអ៊ីស្រាអែលដកថយទាំងស្រុង ភា្លមៗបន្ទាប់ពីមានការផ្ទៀងផ្ទាត់ថា តំបន់ហ្កាហ្សាគ្មានអាវុធនៅសល់។

លក្ខខណ្ឌរំសាយអាវុធក្រុមហាម៉ាស គឺជាចំណុចជាប់គាំងដ៏សំខាន់មួយ នៅក្នុងការចរចា ដើម្បីអនុវត្តផែនការរបស់លោក Trump សម្រាប់តំបន់ហ្កាហ្សា និងពង្រឹងបទឈប់បាញ់សម្រេចបានកាលពីខែតុលាឆ្នាំមុន ដែលបានបញ្ឈប់សង្គ្រាមរយៈពេល ២ឆ្នាំ។ ក្រុមហាម៉ាសបានបដិសេធជាយូរមកហើយ ចំពោះការអំពាវនាវឲ្យព្រមបោះបង់អាវុធរបស់ខ្លួន ដែលត្រូវបានគេជឿថា ភាគច្រើនត្រូវបានដឹកជញ្ជូន និងរក្សាទុកនៅក្នុងផ្លូវរូងក្រោមដីក្រោមតំបន់ហ្កាហ្សា។
អត្ថបទពេញនៃផែនការនេះត្រូវបានចែករំលែកជាមួយសារព័ត៌មាន Reuters ដោយមន្ត្រីប៉ាឡេស្ទីន ២រូបដែលពាក់ព័ន្ធនឹងការចរចានេះ។ មន្ត្រីក្រុមហាម៉ាសម្នាក់ បានបញ្ជាក់ពីភាពត្រឹមត្រូវរបស់ឯកសារនោះ។ ក្រុមប្រឹក្សាសន្តិភាព បានបង្ហាញផែនការនេះទៅឲ្យក្រុមហាម៉ាសកាលពីសប្តាហ៍មុន។ យ៉ាងណាក្ដី ក្រុមហាម៉ាសមិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ អំពីការស្នើនេះ៕

