នៅថ្ងៃសុក្រនេះ វិមានក្រឹមឡាំង បានចា្រនចោលសេចក្តីរាយការណ៍ថា លោកប្រធានាធិបតី Vladimir Putin បានស្នើសុំក្រុមធុរជនឲ្យបរិច្ចាគប្រាក់ធ្វើឲ្យស្ថិរភាពដល់ហិរញ្ញវត្ថុរុស្ស៊ី ស្របពេលដែលពួកគេជំរុញសង្រ្គាមនៅអ៊ុយក្រែន ។
សេចក្តីរាយការណ៍ដែលលើកឡើងពីប្រភពគ្មានឈ្មោះ ត្រូវបានចុះផ្សាយនៅលើសារព័ត៌មានឯករាជ្យរុស្ស៊ី The Bell និងកាសែត Financial Times ក្រោយលោក Putinរៀបចំជំនួបបិទទ្វារជាមួយក្រុមមេដឹកនាំធុរកិច្ចកាលពីថ្ងៃព្រហស្បតិ៍ ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាមិនពិតនោះទេកាលដែលលោក Putinបានធ្វើសំណើរបែបហ្នឹងនោះ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក និយាយថា អ្នកចូលរួមជំនួបមួយរូប បាននិយាយថា គាត់ចង់បរិច្ចាគប្រាក់យ៉ាងច្រើនដល់រដ្ឋ ។
លោក Peskov និយាយថា មនុស្សម្នាក់នេះ បាននិយាយថា ភាគច្រើននៃធុរជនដែលមានវត្តមាននៅទីនេះ បានចាប់ផ្តើមកិច្ចការជំនួញរបស់ពួកគេ តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ និងចាប់ផ្តើមធុរកិច្ចរបស់ពួកគេដោយមានទំនាក់ទំនងជាមួយរដ្ឋ ហេតុដូច្នេះហើយ ពួកគេគិតគូរពីតួនាទីរបស់ខ្លួន ក្នុងការរួមចំណែកវិភាគទាន ។
កាសែត The Bell រាយការណ៍ពីជំនួបនេះថា លោក Putinបានពិភាក្សាលើការផ្តល់មូលនិធិយោធា ហើយរុស្ស៊ីនឹងច្បាំងរហូតដល់ពួកគេដណ្តើមបានទឺកដីសេសសល់នៅតំបន់ភាគខាងកើត Donbas របស់អ៊ុយក្រែន ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ។
កាសែត The Bell រាយការណ៍ទៀតថា លោកមហាសេដ្ឋី Suleiman Kerimov បានសន្យានៅក្នុងជំនួបនោះថា នឹងបរិច្ចាគប្រាក់ ១,២៣ពាន់លានដុល្លារ ៕
