ក្រុមហ៊ុនការពារជាតិ PGZ គ្រប់គ្រងដោយរដ្ឋប៉ូឡូញនិយាយនៅថ្ងៃសុក្រនេះថា ពួកគេនឹងចាប់ដៃគូជាមួយក្រុមហ៊ុន Frankenburg Technologiesto របស់អេស្តូនី ដើម្បីផលិតប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយជិត នៅប្រទេសប៉ូឡូញ ដែលជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីជំរុញសមត្ថភាពអឺរ៉ុបប្រឆាំងយានដ្រូន ។
ក្រុមហ៊ុនទាំង ២ នឹងសាងសងរោងចក្រមួយកន្លែងដែលមានសមត្ថភាពផលិតប្រចាំឆ្នាំនូវមីស៊ីល MARK I ១ម៉ឺនគ្រាប់ ដែលពួកគេអភិវឌ្ឍឡើង ដើម្បីប្រឆាំងនឹងយានគ្មានមនុស្សបើក ។
លោក Marcin Idzik គឺជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PGZ និយាយប្រាប់សន្និសីទសារព័ត៌មានថា នេះគឺជាការផលិតដ៏សំខាន់ ពីព្រោះថា ជម្លោះកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា និងនៅអ៊ុយក្រែន ប៉ូឡូញត្រូវតែមានសមត្ថភាពផលិតមីស៊ីលតម្លៃទាបដែលអាចប្រឆាំងយានដ្រូនបាន ។
កិច្ចព្រមព្រៀងនឹងបង្កើតក្របខណ្ឌផងដែរសម្រាប់ការផលិតមីស៊ីលបាញ់ស្កាត់ជំនាន់ក្រោយ MARK II ដែលត្រូវបានគេរំពឹងថា នឹងបន្តរយៈចម្ងាយរបស់មីស៊ីល MARK I ដល់ ៥-៨គ.ម ។
ខណៈពេលនោះដែរ ប្រធានប្រតិបត្តិក្រុមហ៊ុន Frankenburg Technologies លោក Kusti Salm និយាយថា វិស័យការពារជាតិ ត្រូវតែប្រតិបត្តិការលើទំហំឧស្សាហកម្ម បើសិនជាវាត្រូវប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី ដែលកំពុងកើតមានជារៀងរាល់ថ្ងៃ ៕