អ៊ុយក្រែននិយាយថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយអារ៉ាប៊ីសាអ៊ូឌីត ស្របពេលដែលបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បន្តរងការវាយប្រហាររបស់អ៊ីរ៉ង់ ក្រោយសង្រ្គាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានធ្វើដំណើរទៅដល់រាជាណាចក្រមួយនេះ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ការរៀបចំដ៏សំខាន់មួយត្រូវបានធ្វើឡើង មុនជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman ។
លោកនិយាយថា កិច្ចព្រមព្រៀងនេះ ដាក់ចេញគ្រឹះសម្រាប់កិច្ចសន្យាអនាគត កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការវិនិយោគ ។ អារ៉ាប៊ីសាអ៊ូឌីតមានសមត្ថភាពមួយដែលជាផលប្រយោជន៍របស់អ៊ុយក្រែន ហើយកិច្ចសហប្រតិបត្តិការនេះ អាចនឹងទទួលបានអត្ថប្រយោជន៍គ្នាទៅវិញទៅមក ។
ទោះបីជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអ៊ូឌីត ពុំទាន់បានបញ្ជាក់នោះទេ ពីកតិការសញ្ញាការពារជាតិមួយនេះ ។
សូមបញ្ជាក់ថា ទីក្រុង Riyadh បានបាញ់ស្កាត់យានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់បាញ់ចេញពីអ៊ីរ៉ង់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារមុនលើទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។ ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត និយាយថា មីស៊ីលយ៉ាងហោច ៦គ្រាប់ ត្រូវបានបាញ់ស្កាត់នៅថ្ងៃសុក្រនេះ ៕