ហ្វូងមនសុ្សបានជួបជុំគ្នានៅតាមសួនកម្សាន្តនានាទៅទូទាំងទីក្រុងតូក្យូនាថ្ងៃសុក្រនេះ ដើម្បីទស្សនាផ្កាសាគូរ៉ាកំពុងរីកយ៉ាងស្គុះស្គាយ ដែលវាចាប់ផ្តើមរីកបន្តិចម្តងៗ ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលជាច្រើនថ្ងៃ ។
នៅប្រទេសជប៉ុន រដូវផ្ការីកសាគូរ៉ាស្មើនឹងរដូវមើលផ្កា ។ រដូវផ្ការីកនេះ បានទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករមកទស្សនាតាមសួនកម្សាន្តល្បីៗ ជាទីដែលមានដាំដើមផ្កាសាគូរ៉ា រួមទាំងនៅសួនកម្សាន្តនិម្មិតរូប Ueno របស់ទីក្រុងតូក្យូ ដែលគ្របដណ្តប់ដោយផ្កាសាគូរ៉ាពណ៌ស និងពណ៌ស៊ីជម្ពូ អំឡុងពេលនិទាឃរដូវនេះ ។
ពេញមួយរដូវផ្ការីក សួនកម្សាន្តសម្បូរដោយហ្វូងមនុស្សដែលនាំគ្នាអង្គុយក្រោយដើមផ្កាសាគូរ៉ា និងទស្សនាផ្ការីកយ៉ាងស្គុះស្គាយ ខណៈពួកគេទទួលទានអាហារ និងស្រាបៀជាមួយមិត្តភ័ក្តិ គឺជាទម្លាប់មួយដែលលោក Naoto Ogino វ័យ ៣៩ឆ្នាំ តែងតែសប្បាយរីករាយជារៀងរាល់ឆ្នាំជាមួយមិត្តរួមអាជីពរបស់លោក ។
នៅក្នុងចំណោមហ្វូងមនុស្ស មានទាំងភ្ញៀវទេសចរផងដែរដូចជាអ្នកនាង Chang Yutang ដែលបានធ្វើដំណើរតាមយន្តហោះមកកាន់ប្រទេសជប៉ុន សម្រាប់រដូវផ្ការីកសាគូរ៉ា ។
ស្លៀកឈុតគីម៉ូណូជប៉ុនសម្រាប់ឱកាសដ៏ពិសេសនេះ នាង Chang និយាយថា ពួកយើងទទួលបានដំណឹងថា ផ្ការីកសាគូរ៉ាជប៉ុនមិនអាចទ្រាំបានទេ និងអស្ចារ្យខ្លាំងណាស់ ហេតុដូច្នេះហើយពួកយើងបានធ្វើដំណើរពិសេស ដើម្បីមកមើលវា ។ ជាការពិតណាស់ថា វាពិតជាស្រស់ស្អាតខ្លាំងណាស់ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា រដូវផ្ការីកសាគូរ៉ានៅទីក្រុងតូក្យូ បានចាប់ផ្តើមហើយ ។
ការប្រកាសក្នុងឆ្នាំនេះ បានកើតមានលឿនជាងឆ្នាំមុនរយៈពេល ៥ថ្ងៃ ។ ថ្ងៃទី ២៤ ខែមីនា គឺជាកាលបរិច្ឆេតជាមធ្យមនៃផ្ការីកសាគូរ៉ា នៅទីក្រុងតូក្យូ ចាប់តាំងពីទិន្នន័យត្រូវបានកត់ត្រា ចន្លោះឆ្នាំ ១៩៩១ និងឆ្នាំ ២០២០ ។
កាលបរិច្ឆេតលឿនបំផុតសម្រាប់ការចាប់ផ្តើមរដូវផ្ការីកសាគូរ៉ានៅទីក្រុងតូក្យូ គឺនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ហើយកាលបរិច្ឆេតយឺតបំផុត គឺនៅឆ្នាំ ១៩៨៤ ពេលដែលផ្កាសាគូរ៉ាដំបូងពុំបានរីក រហូតដល់ថ្ងៃទី ១១ ខែមេសា ៕