ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្តឹងសុំបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន និងការប្តឹងជំទាស់មិនឈរឈ្មោះជាបេក្ខជនរបស់គណបក្សនយោបាយ ដើម្បចូលរួមការបោះឆ្នោក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។
ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបេីកសវនាការជំនុំជម្រះជាសាធារណ:លេីបណ្តឹងចំនួន ៥ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្ស នយោបាយ និងការប្តឹងជំទាស់មិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា ។
ក្នុងសវនាការជំនុំជម្រះលើបណ្តឹងរបស់ប្រជាពលរដ្ឋសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន ភាគីដើមបណ្តឹងជាប្រជាពលរដ្ឋ បានបញ្ជាក់ជូនក្រុមប្រឹក្សាជំនុំជម្រះថា សុំឲ្យ គ.ជ.ប លុបបញ្ជីបេក្ខចជនដំបូងរបស់គណបក្សភ្លើងទៀនចេញពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដោយសារមិនមានលក្ខណៈសមស្របតាមច្បាប់។
ទន្ទឹមគ្នានោះ ក្រុមប្រឹក្សាជំនុំជម្រះរបស់ គ.ជ.ប បានសួរដេញដោលទៅបេក្ខជនរបស់គណបក្សភ្លើងទៀន ដោយបានអះអាងថា ពួកគេមិនចេះអាន និងសរសេរអក្សរឡើយ ខណៈការបំពេញលើទម្រង់ចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ គឺមានបុគ្គលផ្សេងជាអ្នកបំពេញជំនួស។
ដោយឡែក ក្នុងសវនាការចំពោះបណ្តឹងតវ៉ាលើការសុំមិនឈរបេក្ខជនរបស់គណបក្សភ្លើងទៀននោះ ត្រូវបានបេក្ខជនជាសាម៉ីនៃដើមបណ្តឹង អះអាងថា រូបលោកមិនបានស្ម័គ្រចិត្ត ក៏ដូចជាមិនមានឆន្ទះឈរជាបេក្ខជនរបស់គណបក្សភ្លើងទៀនឡើយ ហើយបានស្នើក្រុមប្រឹក្សាជំនុំជម្រះលុបឈ្មោះរបស់ខ្លួនចេញពីបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន។
ចំពោះសវនាការខាងលើនេះ ក្រុមប្រឹក្សាជំនុំជម្រះ នឹងប្រកាសសេចក្តីសម្រេច នៅរសៀលថ្ងៃនេះ។
ការរៀបចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយធ្វើឡើង ដើម្បីឈានទៅរកការប្រកាសអំពីសុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ នាថ្ងៃទី២៤ ខែមេសាខាងមុខ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។(អត្ថបទ សេក ឧត្តម)


