សហរដ្ឋអាមេរិក៖ កម្មវិធីប្រគល់ពានរង្វាន់ Oscars បាននិយាយថា តារាចម្រៀង តារាភាពយន្ត និងជាផលិតករភាពយន្តរបស់សហរដ្ឋអាមេរិកលោក Will Smith ត្រូវបានស្នើឲ្យចាកចេញពីពិធីប្រគល់ពានរង្វាន់ Oscars ក្រោយលោកឡើងទៅទះកំផ្លៀងតារាកំប្លែងអាមេរិកលោក Chris Rock ដល់លើឆាក ប៉ុន្តែលោកមិនព្រមចាកចេញឡើយ។

ស្ថាប័ននេះក៏និយាយផងដែរថា ខ្លួនបានផ្ដួចផ្ដើម "ដំណើរការនីតិវិធី" ទល់នឹងលោក Smith។ លោក Smith បានទះកំផ្លៀងលោក Rock បន្ទាប់ពីតារាកំប្លែងរូបនេះនិយាយលេងសើចបែបចំអក ឲ្យសក់ក្បាលរបស់ភរិយារបស់លោកគឺលោកស្រី Jada Pinkett Smith ដោយសារតែមានជំងឺជ្រុះសក់។ ក្រោយមកលោក Will Smith បានសូមអភ័យទោសចំពោះតារាកំប្លែង និងជាផលិតករភាពយន្តអាមេរិកស្បែកខ្មៅលោក Chris Rock ដោយនិយាយថា ឥរិយាបថរបស់លោកមិនអាចទទួលយកបាន និងជាកំហុសឆ្គងមិនអាចប្រកែកបាន។
លោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់លោកថា លោកបានសូមអភ័យទោសជាសាធារណៈចំពោះអ្នក Chris។ ដោយលោកលើកឡើងថា ពេលនោះខ្ញុំមានអារម្មណ៍ច្រឡោតខ្លាំងពេក ខ្ញុំដឹងខុសហើយ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយស្ថាប័ននេះបាននិយាយថា លោក Smith ត្រូវបានស្នើឲ្យចាកចេញពីកម្មវិធី តែលោកមិនព្រមចាកចេញ ប៉ុន្តែយើងបានទទួលស្គាល់ថា យើងអាចដោះស្រាយស្ថានភាពនេះបាន។ ស្ថាប័ននេះបានប្រកាសថា ខ្លួនបានផ្ដួចផ្ដើម "ដំណើរការនីតិវិធី" ទល់នឹងលោក Smith ពីបទបំពានច្បាប់បទដ្ឋានរបស់កម្មវិធីប្រគល់ពានរង្វាន់ Oscars៕
អត្ថបទ៖ សុខមាន