ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងតេអេរ៉ង់ បានយល់ព្រម «សម្រួល និងពន្លឿន» ជំនួយមនុស្សធម៌ តាមរយៈច្រកសមុទ្រហ័រមូស ទោះបីជាខ្លួនកំពុងស៊ូទ្រាំនឹងការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។

លោក Ali Bahreini បាននិយាយថា ទីក្រុងតេអេរ៉ង់បានទទួលយកសំណើពីអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ និងការដឹកជញ្ជូនកសិកម្មឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ ដែលជាធម្មតាការដឹកជញ្ជូនប្រេងមួយភាគប្រាំរបស់ពិភពលោក និងជិតមួយភាគបីនៃការជួញដូរជីរបស់ពិភពលោកឆ្លងកាត់ច្រកនេះ។

ផែនការជំនួយនេះ នឹងក្លាយជាការទម្លាយភាពជាប់គាំងដំបូងនៅច្រកយុទ្ធសាស្ត្រតូចចង្អៀតនេះ បន្ទាប់ពីសង្គ្រាមមួយខែ។ ខណៈពេលដែលទីផ្សារ និងរដ្ឋាភិបាលភាគច្រើន ផ្តោតលើការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិ ដែលត្រូវបានរារាំង ការរឹតបន្តឹងគ្រឿងផ្សំជី និងពាណិជ្ជកម្មគំរាមកំហែងដល់សន្តិសុខស្បៀង នៅជុំវិញពិភពលោក។
លោក Bahreini បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ៖«វិធានការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់អ៊ីរ៉ង់ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងធានាថាជំនួយសំខាន់ៗទៅដល់អ្នកដែលត្រូវការដោយមិនបង្អង់យូរ»។ អង្គការសហប្រជាជាតិពីមុន បានប្រកាសពីក្រុមការងារមួយ ដើម្បីដោះស្រាយផលប៉ះពាល់ដែលសង្គ្រាមអ៊ីរ៉ង់មានលើការដឹកជញ្ជូនជំនួយនេះ៕