បាល់ទាត់៖ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Ruud van Nistelrooy នឹងក្លាយជាអ្នកចាត់ការក្លិបបាល់ទាត់ហូឡង់ PSV Eindhoven នៅរដូវក្តៅខាងមុខនេះដែលជាការចាប់ផ្តើមអាជីពដឹកនាំដំបូងរបស់ខ្លួន។

បុរសវ័យ ៤៥ឆ្នាំរូបនេះនឹងចូលជំនួសតំណែងលោក Roger Schmidt ដែលនឹងចាកចេញពីតំណែងក្រោយចប់រដូវកាលនេះនៅពេលកិច្ចសន្យាអស់សុពលភាព។ វាតែងតែជាសុបិនក្នុងការក្លាយខ្លួនជាគ្រូបង្វឹក រឺអ្នកចាត់ការនេះជាសំដីរបស់ Van Nisterlrooy។ Ruud van Nistelrooy នៅពេលមានអាជីពជាកីឡាករធ្លាប់ស៊ុតបញ្ចូលទី ៦២គ្រាប់ក្នុងការបង្ហាញខ្លួន ៦៧ប្រកួតឱ្យ PSV ចន្លោះឆ្នាំ១៩៩៨ ដល ២០០១ មុនពេលជោគជ័យរយៈពេល ៥ឆ្នាំទៀតជាមួយក្រុមបិសាចក្រហម Manchester United។
ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះបានស៊ុតបញ្ចូលទី ៩៥គ្រាប់ក្នុងការបង្ហាញខ្លួន ១៥០ប្រកួតឱ្យ Manchester United រួមមានឈ្នះជើងឯក English Premier League, FA Cup និង League Cup ក៏ដូចជាឈ្នះពាន La Liga ពីរលើកនៅពេលផ្លាស់ទៅកាន់ Real Madrid ហើយក៏ស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន ៧០លើកឱ្យក្រុមជំរើសជាតិហូឡង់។ Ruud van Nistelrooy បានចូលនិវត្តន៍ផ្លូវការពីអាជីពកីឡាករបាល់ទាត់នៅឆ្នាំ២០១២ និងបានទទួលតំណែងជំនួយការគ្រូបង្វឹកនៅក្រុមជំរើសជាតិហូឡង់ និងដឹកនាំក្រុមយុវជនក៏ដូចជាក្រុមបម្រុងរបស់ PSV ផងដែរ៕
អត្ថបទ៖នាង សុភាវុធ