គុនចម្រុះ៖ កីឡាការិនីខ្មែរនៅអាមេរិក អែម សុវណ្ណារី បានទម្លាយឲ្យដឹងថា ខ្លួនធ្លាប់ត្រូវឪពុកម្ដាយរារាំងមិនចង់ឲ្យប្រឡូកអាជីពលើសង្វៀន ដ្បិតពួកគាត់គិតថា វាជាការប្រើអំពើហិង្សា តែទីបំផុតនាងបានជម្នះបម្រាមទាំងនេះ ព្រោះខ្លួនបានគិតវិជ្ជមានជានិច្ចលើក្បាច់គុន។

កីឡាការិនីសម្បុរស្រអែមរូបនេះបានបញ្ជាក់ថា វាជាការរៀនសូត្រអំពីតម្លៃជីវិតកាលនៅក្មេងតាមរយៈក្បាច់គុន។ ពេលខ្លះមានការគិតជាច្រើនថា ក្បាច់គុនមានកេរ្តិ៍ឈ្មោះមិនល្អ សូម្បីឪពុកម្ដាយរបស់ខ្លួនក៏គិតថាវាជាអំពើហិង្សា ឬក្បាច់គុននាំឲ្យក្មេងៗក្លាយជាការបំពាន ឬសម្លុតគេជាដើម ប៉ុន្តែធាតុពិត វាផ្ទុយស្រឡះអំពីការគិតទាំងនោះ។ សុវណ្ណារី បានបញ្ជាក់ថា ការចេះក្បាច់គុនបាននាំឲ្យរូបគេគិតវិជ្ជមាន និងមានភាពក្លាហានប្រកបដោយទំនុកចិត្តជាដើម ជាក់ស្ដែងបានធ្វើឲ្យនាងចេះដាក់ខ្លួន, ចង់ឡើងប្រកួត និងចង់ឈ្នះត្រឹមការប្រកួតលើសង្វៀនប៉ុណ្ណោះ មិនមែនយកក្បាច់គុនដើរធ្វើបាបគេនោះទេ ពិសេសនាងតែងតែខិតខំប្រឹងហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីត្រៀមប្រយុទ្ធលើសង្វៀនដូចជាសង្វៀន ONE ជាដើម។ កីឡាការិនីក្បាច់គុនចម្រុះវ័យ ២៨ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា ក្បាច់គុនពិតជាសំខាន់ណាស់សម្រាប់ខ្លួនកន្លងមក នាងអៀនច្រើន និងមិនចេះបង្ករជម្លោះដាក់អ្នកណាឡើយ។ អ្វីដែលសំខាន់ នាងមិនសូវជាក្លាហានរឿងវ៉ៃទាត់ធាក់នោះ ប៉ុន្ដែពេលឡើងសង្វៀន ឬវ៉ៃដាក់ទ្រុងម្ដងៗ នាងតែងមានស្មារតីប្រកួតប្រជែងអស់ពីសមត្ថភាព ដើម្បីជ័យជម្នះ និងមោទនភាពសម្រាប់ខ្លួន និងគ្រួសារ។

គួរដឹងថា សុវណ្ណារី បានផ្ដើមអាជីពក្បាច់គុនដំបូង ដោយហ្វឹកហាត់កីឡាប្រដាល់សកល តែក្រោយមានការជំរុញពីកីឡាការិនីកីឡាកាសដ៏ល្បីអាមេរិក Ronda Rousey បានធ្វើឲ្យនាងចាប់អារម្មណ៍ចង់ផ្លាស់ប្ដូរ ហើយឈានដល់ការហ្វឹកហាត់កីឡាផ្សេងៗទៀត ពិសេសកីឡាជឺជិតស៊ូ និងកីឡាចំបាប់ រហូតនាងវិវត្តន៍ខ្លួនក្លាយជាកីឡាការិនីក្បាច់គុនចម្រុះតែម្ដង។ បន្ទាប់ពីវិវត្តន៍ក្លាយជាកីឡាការិនីក្បាច់គុនចម្រុះ កូនខ្មែរនៅអាមេរិករូបនេះបានទទួលឱកាស ចូលរួមប្រកួតលក្ខណៈអន្ដរជាតិបន្ដបន្ទាប់ ពិសេសលើសង្វៀន One Championship ដោយនាងបានបង្កើតកំណត់ត្រាឈ្នះ ២លើកក្នុងចំណោមប្រវត្តិឡើងសង្វៀននេះ ៣ដង ក្នុងនោះបានយកឈ្នះកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ត្រឹមទឹកទី២ កាលពីចុងខែមករាកន្លងទៅ និងបានផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova កាលពីឆ្នាំ២០១៩។ លើសពីនេះ សុវណ្ណារី ក៏ត្រូវបានផ្គូផ្គងឲ្យបង្ហាញខ្លួនជាលើកទី៤ លើសង្វៀន ONE នាខែក្រោយផងដែរ ដោយត្រូវជួបកីឡាការិនីជើងខ្លាំងអាមេរិក Colbey Northcutt នៅក្នុងព្រឹត្តិការណ៍ ONE: TNT IV នារាត្រីថ្ងៃទី២៨ ខែមេសាខាងមុខទៀតផង៕
អត្ថបទ៖ លី ឈុនឡា