ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅទីលានទុក្ករបុគ្គលក្នុងទីក្រុងបេរូតកាលពីថ្ងៃសៅរ៍ ២៨ មីនា ដោយកាន់រូបថតអ្នកកាសែតលីបង់ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃដដែលនោះ។កងកម្លាំងអ៊ីស្រាអែលបានសម្លាប់អ្នកកាសែតលីបង់បីនាក់នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសៅរ៍ក្នុងការវាយប្រហារតាមអាកាសមួយដែលយោធាអ៊ីស្រាអែលបាននិយាយថាបានកំណត់គោលដៅលើម្នាក់ក្នុងចំណោមពួកគេ។
ប៉ុស្តិ៍ទូរទស្សន៍លីបង់ Al Manar បាននិយាយថាអ្នកយកព័ត៌មានរបស់ខ្លួនគឺលោក Ali Shaib និងអ្នកយកព័ត៌មានអ្នកស្រី Fatima Ftouni មកពីស្ថានីយទូរទស្សន៍ Al Mayadeen របស់លីបង់ត្រូវបានសម្លាប់នៅពេលយានយន្តរបស់ពួកគេត្រូវបានវាយប្រហារ។រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់លោក Paul Morcis ក្រោយមកបាននិយាយថាបងប្រុសរបស់អ្នកស្រី Ftouni គឺលោក Mohammed ជាអ្នកថតរូបក៏ត្រូវបានសម្លាប់ផងដែរ។
យោធាអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនបានសម្លាប់លោក Shaib ដែលខ្លួនហៅថាជា "ភេរវករ" ក្នុងការវាយប្រហារគោលដៅមួយ ដោយចោទប្រកាន់រូបលោកថាជាផ្នែកមួយនៃអង្គភាពចារកម្មសម្ងាត់របស់ក្រុមហេសបូឡា (Hezbollah) ហើយបាននិយាយថាលោកបានរាយការណ៍ពីទីតាំងរបស់ទាហានអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។
សេចក្តីថ្លែងការណ៍ ដែលក៏បានចោទប្រកាន់លោក Shaib ពីបទ «ញុះញង់» ប្រឆាំងនឹងទាហាន និងជនស៊ីវិលអ៊ីស្រាអែលដែរនោះ ពុំបាននិយាយអំពីអ្នកកាសែតផ្សេងទៀត ឬផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់ខ្លួនថា លោក Shaib គឺជាសមាជិកនៃអង្គភាពចារកម្មសម្ងាត់ Hezbollah នោះទេ ហើយក្រុម Hezbollah បានច្រានចោល។ ជាការឆ្លើយតបទៅនឹងការសម្លាប់នេះ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បាននិយាយថា ខ្លួនបានបង្កើនការព្រួយបារម្ភអស់រយៈពេលជាច្រើនសប្តាហ៍អំពីហានិភ័យកំពុងកើនឡើងដែលក្រុមអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយកំពុងប្រឈម៕


