ក្រសួងទេសចរណ៍ គណៈកម្មការអន្ដរក្រសួងរៀបចំបុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ បានរៀបចំកម្មវិធីសំខាន់ៗ ចំនួន ២ ទៀត សម្រាប់ថ្ងៃទី៣ នៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ក្នុងនោះមានកម្មវិធីដាំដើមឈើ និងកម្មវិធីដុតក្រឡាន នៅសហគមន៍ថ្មគ្រែ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងវត្តមានគណៈប្រតិភូ ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សាចូលរួមជាច្រើនផងដែរ។

ជាមួយគ្នា ឯកឧត្តមបានគូសរំលេចសម្រាប់កម្មវិធីដាំដើរឈរ ធ្វើឡើងដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅតាមរបងទីលានាបាល់ទាត់ក្រុងក្រចេះ ដោយក្រុមការងារបានរៀបចំនូវការដាំដើមធ្នង់ចំនួន ១០ដើម សម្រាប់បន្សល់ជាអនុស្សាវរីយ៍ក្នុងឱកាសខួបលើកទី១០ នៃព្រឹត្តិការណ៍បុណ្យទន្លេ ក៏ដូចជាការចូលរួមលើកកម្ពស់បរិស្ថាន និងធម្មជាតិ សម្រាប់បម្រើជាប្រយោជន៍ជាតិទៅថ្ងៃអនាគត។

ចំណែកកម្មវិធីដុតក្រឡានវិញ ឯកឧត្តមថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យដល់សហគមន៍ក្រឡានថ្មគ្រែ ដោយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ហើយបានចុះពិនិត្យផ្ទាល់ នូវរបៀបដុតក្រឡាន ដែលជាផលិតអត្តសញ្ញាណភូមិសាស្ដ្រមួយដ៏ល្បីល្បាញ ទាំងក្នុង និងក្រៅប្រទេស ហើយឯកឧត្តមរដ្ឋមន្ដ្រី ក៏សង្ឃឹមថា ប្រជាពលរដ្ឋ នឹងរក្សាបាននូវការផលិតប្រកបដោយគុណភាព សុវត្ថិភាព ជានិរន្ដរ ដើម្បីជាផ្នែកមួយ ក្នុងការលើកស្ទួយ និងទាក់ទាញទេសចរណ៍ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលបានយូរអង្វែងផងដែរ។

គួរដឹងថា រយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ដែលរៀបចំឡើងក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកម្មវិធីសំខាន់ៗចំនួន ១១ ដែលគ្រប់ដណ្ដប់ស្ទើរគ្រប់ទិដ្ឋភាពសង្គម ទាំងសាសនា ទេសចរណ៍ កសិកម្ម សប្បុរសធម៌ សិល្បៈ និងកីឡាជាដើម ដែលបានផ្ដល់នូវភាពអធិកអធម និងសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ-អន្ដរជាតិ ដែលបានមកលេងកម្សាន្ដក្នុងព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

