ភ្នំពេញ៖ ក្នុងរយៈពេលជាង១សប្តាហ៍ គិតចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣០ខែមីនាម្សិលមិញ កុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ជាង១ម៉ឺននាក់ រស់នៅរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២រួចរាល់ តាមការកំណត់របស់គ្រូពេទ្យ។
តាមរយៈរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេស ដែលBTVទទួលបាននៅថ្ងៃនេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ចំនួនជាង១៤០០០នាក់ រស់នៅរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងដូសទី២រួចរាល់ តាមការកំណត់របស់គ្រូពេទ្យ ខណៈដំណើរការចាក់វ៉ាក់សាំងនៅតែបន្ត។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទSinovac ដូសទី១ ជូនកុមារអាយុពី៣ឆ្នាំ ដល់ ក្រោម៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ហើយការចាក់ដូសទី២ ត្រូវមានគម្លាតពី២៨ថ្ងៃឡើងទៅ បន្ទាប់ពីចាក់ដូសទី១រួចរាល់។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចំម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។
បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានប្រមាណជិត ៥០លានដូស ទាំងការបញ្ជាទិញ និងជំនួយតាមរយៈយន្តការកូវ៉ាក់ និងជំនួយទ្វេភាគីពីបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់យកទៅប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ ចាប់ពីដូសទី១ ដល់ដូសទី៤៕ អត្ថបទ៖ ទូច សោភ័ណ