ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាច «យកប្រេងនៅអ៊ីរ៉ង់» និងរឹបអូសយកមជ្ឈមណ្ឌលនាំចេញរបស់អ៊ីរ៉ង់ គឺកោះ Kharg ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបានបន្តចូលដល់សប្តាហ៍ទីប្រាំហើយ។

លោក Trump បានប្រាប់សារព័ត៌មាន Financial Times កាលពីថ្ងៃអាទិត្យថា បំណងរបស់លោកគឺយកប្រេង ដោយប្រៀបធៀបទៅនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡាកាលពីដើមឆ្នាំនេះ ជាទីដែលសហរដ្ឋអាមេរិកទទួលបានការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពលើឧស្សាហកម្មប្រេងរបស់ប្រទេសអាមេរិកឡាទីននេះ បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំ លោក Nicolas Maduro។

ដោយឡែក របាយការណ៍របស់សារព័ត៌មាន Wall Street Journal បានបង្ហាញថា លោក Trump កំពុងពិចារណាបើកប្រតិបត្តិការណ៍មួយដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ានីញ៉ូមជិត១.០០០ផោន ពីអ៊ីរ៉ង់។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងខណៈជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានចូលដល់សប្តាហ៍ទីប្រាំ ដោយការវាយប្រហារបានរីករាលដាលពាសពេញតំបន់ ដែលកំពុងបង្កើនហានិភ័យដល់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យតម្លៃប្រេងឆៅកើនឡើង។

តម្លៃនៅខែឧសភាសម្រាប់ប្រេងឆៅ Brent របស់អាមេរិក បានកើនឡើងជាង៣% ដល់១១៦ ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃចន្ទ៣០មីនានេះ ក្នុងអំឡុងម៉ោងជួញដូរដំបូងនៅតំបន់អាស៊ី ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកដែរ បានហក់ឡើង៣,២០% ដល់១០២,៨០ដុល្លារក្នុងមួយបារ៉ែល៕