បណ្តាប្រទេសនៅអឺរ៉ុប បានសម្តែងការព្រួយបារម្ភខ្លាំងចំពោះផែនការរបស់អ៊ីស្រាអែលក្នុងការពង្រីកការអនុវត្តទោសប្រហារជីវិតនៅក្នុងសេចក្តីស្នើច្បាប់មួយដែលអាចកំណត់គោលដៅមិនសមាមាត្រទៅលើប្រជាជនប៉ាឡេស្ទីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែករំលែកដោយការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីស្នើច្បាប់នេះ ដែលអាចត្រូវបានបោះឆ្នោតឱ្យចូលជាច្បាប់ក្នុងពេលឆាប់ៗ។

សេចក្តីថ្លែងការណ៍និយាយថា «យើងមានការព្រួយបារម្ភជាពិសេសអំពីលក្ខណៈរើសអើងជាក់ស្តែងនៃសេចក្តីស្នើច្បាប់។ ការអនុម័តសេចក្តីស្នើច្បាប់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលទាក់ទងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។ ប្រសិនបើសេចក្តីស្នើច្បាប់ត្រូវបានអនុម័ត វាប្រាកដជាប្រឈមនឹងបញ្ហាផ្លូវច្បាប់ ហើយនឹងឡើងដល់តុលាការកំពូល។

ច្បាប់នេះ កំពុងត្រូវបានពិចារណា ខណៈគោលនយោបាយប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានៅតែបន្ត ហើយខណៈប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាន់កាប់ West Bank កំពុងជួបប្រទះការកើនឡើងអំពើហិង្សាដោយយោធា និងអ្នកតាំងលំនៅឋានអ៊ីស្រាអែល។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីពេលមុនបាននិយាយថា សំណើទាំងដែលគាំទ្រដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយម លោក Itamar Ben-Gvir នឹងធ្វើឱ្យទោសប្រហារជីវិតក្លាយជា «ឧបករណ៍រើសអើងមួយទៀតនៅក្នុងប្រព័ន្ធរើសអើងពូជសាសន៍របស់អ៊ីស្រាអែល»។ ក្រុមសិទ្ធិមនុស្សបាននិយាយកាលពីខែកុម្ភៈថា «វិសោធនកម្មទាំងនេះមានន័យថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងពុំអាចផ្លាស់ប្តូរបានត្រូវបានរក្សាទុក និងប្រើប្រាស់ជាអាវុធប្រឆាំងប្រជាជនប៉ាឡេស្ទីន»។