នៅថ្ងៃចន្ទ (៣០ មីនា) នេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស លោកស្រី Rachel Reeves នឹងជំរុញឱ្យសមភាគីមកពីក្រុមប្រទេស G7 កុំឱ្យអនុវត្តវិធានការឯកតោភាគី ដូចជារបាំងពាណិជ្ជកម្មថ្មីៗជាដើម ក្នុងអំឡុងពេលដែលសង្គ្រាមអ៊ីរ៉ង់កំពុងបន្ត ដោយលោកស្រីបានលើកឡើងថា ជំហានបែបនេះអាចបង្កការគំរាមកំហែងបន្ថែមទៀតដល់សន្តិសុខថាមពល។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុអង់គ្លេស លោកស្រី Rachel Reeves ត្រៀមថ្លែងនៅក្នុងកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីថាមពល និងទេសាភិបាលធនាគារកណ្តាលនៃ G7 ថា៖ ក្រុមប្រទេស G7 «គួរតែធ្វើសកម្មភាពជាមួយគ្នា ជាជាងធ្វើតាមរបៀបដែលរុញសម្ពាធទៅលើដៃគូ ឬធ្វើឱ្យភាពធន់ជារួម ចុះខ្សោយ»។
គួរឱ្យដឹងថា ក្រុមប្រទេសមានទ្រព្យសម្បត្តិទាំងប្រាំពីរ G7 រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ព្រមទាំងសហភាពអឺរ៉ុបផងដែរ។ លោកស្រី Reeves លើកឡើងថា គោលនយោបាយគាំពារនិយម និងរបាំងពាណិជ្ជកម្មថ្មីៗ អាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងធ្វើឱ្យតម្លៃហក់ឡើងខ្ពស់ ហើយកិច្ចសហប្រតិបត្តិការគឺជារឿងសំខាន់បំផុត ដើម្បីរក្សាលំហូរនៃថាមពលនិងទំនិញ ក៏ដូចជាដើម្បីកាត់បន្ថយការចំណាយនានានៅពេលខាងមុខ។
សង្គ្រាមនៅអ៊ីរ៉ង់ ដែលបានបញ្ឆេះឡើងដោយការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាមួយនឹងការរំខានដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ចំពោះការផ្គត់ផ្គង់ថាមពលសកល៕


