នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានណែនាំយោធាប្រទេសរបស់លោកឱ្យពង្រីកការវាយលុកនៅប្រទេសលីបង់ភាគខាងត្បូងបន្ថែមទៀត ខណៈភាពតានតឹងក្នុងតំបន់កើនឡើងក្នុងពេលមានសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយពីទីបញ្ជាការភាគខាងជើងកាលពីថ្ងៃអាទិត្យថា «ខ្ញុំទើបតែបានណែនាំឱ្យពង្រីកតំបន់ទ្រនាប់សន្តិសុខដែលមានស្រាប់បន្ថែមទៀត។ យើងប្តេជ្ញាផ្លាស់ប្តូរស្ថានភាពនៅភាគខាងជើងប្រទេសអ៊ីស្រាអែល»។

ការប្រកាសរបស់ លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងខណៈកងកម្លាំងអ៊ីស្រាអែល បានរុលទៅមុខនៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ ក្នុងការជំរុញឆ្ពោះទៅកាន់ទន្លេលីតានី ក្នុងបំណងបណ្តេញក្រុមហេសបូឡា ដែលបានចូលក្នុងសង្គ្រាមអ៊ីរ៉ង់ដ៏ទូលំទូលាយកាលពីដើមខែមីនា ដោយការវាយប្រហារសងសឹកលើអ៊ីស្រាអែល បន្ទាប់ពីការសម្លាប់អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។
យោងតាមក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១.២៣៨ នាក់ត្រូវបានសម្លាប់ចាប់តាំងពីប្រទេសលីបង់ត្រូវបានអូសឲ្យធ្លាក់ចូលក្នុងសង្គ្រាមនៅថ្ងៃទី ២ ខែមីនា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួនអ្នកស្លាប់រួមមានកុមារចំនួន ១២៤ នាក់ ខណៈមនុស្សជាង ៣.៥០០ នាក់បានរងរបួស។ ក្រសួងបាននិយាយថា គ្រាន់តែនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មនុស្សចំនួន ៤៩ នាក់ត្រូវបានសម្លាប់ រួមទាំងអ្នកជួយសង្គ្រោះ១០ នាក់ និងអ្នកសារព័ត៌មាន ៣ នាក់។