ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (២៩ មីនា) ថា ភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបគ្នា «ទាំងដោយផ្ទាល់ និងដោយប្រយោល» ហើយថា ថ្នាក់ដឹកនាំថ្មីរបស់អ៊ីរ៉ង់ មាន «ហេតុផលណាស់» ខណៈដែលកងទ័ពអាមេរិកកាន់តែច្រើនបានទៅដល់តំបន់មជ្ឈិមបូព៌ា ហើយទីក្រុងតេអេរ៉ង់ បានព្រមានថា ខ្លួននឹងមិនទទួលយកភាពអាម៉ាស់មុខនោះទេ។

ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីប៉ាគីស្ថាន ដែលកំពុងដើរតួជាអន្តរការីរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនកំពុងរៀបចំខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចពិភាក្សាប្រកបដោយអត្ថន័យ» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលមានគោលបំណងបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមរយៈពេលជាងមួយខែមកហើយនៅអ៊ីរ៉ង់។

ថ្លែងប្រាប់អ្នកយកព័ត៌មានលើយន្តហោះ Air Force One អំឡុងពេលទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Trump បានលើកឡើងបែបមិនច្បាស់លាស់ថា៖ «លោកគិតថា អាមេរិកនឹងធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ប៉ុន្តែក៏អាចទៅរួចដែរ ដែលថាអាមេរិកនឹងមិនធ្វើកិច្ចព្រមព្រៀងណាមួយ»។ លោក Trump បាននិយាយថា លោកគិតថា អាមេរិកបានសម្រេចការផ្លាស់ប្តូររបបនៅទីក្រុងតេអេរ៉ង់រួចហើយ បន្ទាប់ពីការវាយប្រហារបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះ និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ហើយលោកក៏បាននិយាយថា អ្នកជំនួសតំណែងថ្មីនៅអ៊ីរ៉ង់ហាក់ដូចជា «មានហេតុផលណាស់»។
គួររម្លឹកថា ការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ហើយបន្ទាប់មក តំណែងកំពូលនេះត្រូវបានជំនួសដោយកូនប្រុសរបស់លោកគឺលោក Mojtaba Khamenei៕
