ស្នូកឃ័រ៖ ជើងឯកស្នូកឃ័រពិភពលោក ៦សម័យ Ronnie O’Sullivan បានបន្តដំណើរឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតស្នូកឃ័រពានរង្វាន់ Tour Championship ដែលរៀបចំនៅប្រទេសវែល។ ការវាយមួយឈើបានលើសពី ១០០ពិន្ទុ ៥លើករួមមាន ១៣១ពិន្ទុ, ១២៨ពិន្ទុ, ១២៧ពិន្ទុ, ១០៦ពិន្ទុ និង ១០០ពិន្ទុបានធ្វើឱ្យ Ronnie O’Sullivan យកឈ្នះកីឡាករម្ចាស់ផ្ទះវែល Mark Williams ក្នុងការប្រកួតដ៏តានតឹង ១០-៩ហ្វ្រេម។
កីឡាករវ័យ ៤៧ឆ្នាំ Mark Williams ដែលធ្លាប់ឈ្នះជើងឯកពិភពលោក ៣សម័យផងដែរនោះធ្វើបានមួយឈើលើសពី ១០០ពិន្ទុតែមួយហ្វ្រេមប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ Tour Championship នេះមានតែកីឡាករ ៨នាក់ប៉ុណ្ណោះចូលរួម។ កីឡាករអង់គ្លេស Judd Trump នឹងជួបជាមួយកីឡាករប៊ែលហ្ស៊ិក Luca Brecel ដើម្បីកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយនៅថ្ងៃនេះ៕
អត្ថបទ៖នាង សុភាវុធ