រដ្ឋាភិបាលអូស្ត្រាលី នឹងកាត់ពន្ធលើប្រេងសាំង និងប្រេងម៉ាស៊ូតពាក់កណ្តាល ក្នុងពេលតម្លៃប្រេងឥន្ធនៈកើនឡើង បណ្តាលមកពីសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសនៅថ្ងៃចន្ទនេះ ខណៈតម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងលើសពី ១១៦ ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍មកនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងនៅទីក្រុងកង់បេរ៉ា(Canberra) លោក Albanese បាននិយាយថា ពន្ធលើប្រេងឥន្ធនៈនឹងត្រូវកាត់ពាក់កណ្តាលចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែមិថុនា ក្នុងការទទួលស្គាល់ «ភាពតានតឹងផ្នែកហិរញ្ញវត្ថុ» ដែលបណ្តាលមកពីការកើនឡើងតម្លៃថាមពល។ លោក Albanese និយាយថា វិធានការនេះនឹងកាត់បន្ថយតម្លៃសាំង ២៦,៣សេនអូស្ត្រាលី (០,១៨ ដុល្លារ) ក្នុងមួយលីត្រ ដែលជួយសន្សំសំចៃអ្នកបើកបរប្រមាណ១៣ ដុល្លារ សម្រាប់ធុងប្រេងឥន្ធនៈ ៦៥ លីត្រ ។
លោក Albanese និយាយថា «យើងយល់ថាសម្ពាធតម្លៃចំណាយសម្រាប់ប្រជាជន ពិតជាមានដោយសារតែផលប៉ះពាល់នៃសង្គ្រាមដែលកំពុងកើតឡើង»។ «យើងកំពុងធ្វើសកម្មភាពពេលនេះដើម្បីត្រៀមខ្លួនឱ្យបានល្អ»។
ខណៈប្រទេសអូស្ត្រាលី ជាប្រទេសនាំចេញធ្យូងថ្ម និងឧស្ម័នធម្មជាតិដ៏ច្រើន ប្រទេសនេះទទួលប្រហែល ៨០ ភាគរយនៃតម្រូវការប្រេងឥន្ធនៈចម្រាញ់រួចរបស់ខ្លួនពីបរទេស។ តម្លៃប្រេងម៉ាស៊ូត និងប្រេងសាំងជាមធ្យមនៅក្នុងទីក្រុងធំៗទាំងប្រាំរបស់ប្រទេសអូស្ត្រាលី បានកើនឡើង១០ភាគរយ និង៨ភាគរយនីមួយៗ ក្នុងសប្តាហ៍រហូតដល់ថ្ងៃទី២៥ ខែមីនា។