ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សហភាពអឺរ៉ុប កំពុងពង្រីកអំណាចរបស់ខ្លួនក្នុងការតាមដាន ឆ្មក់ឆែកឆេរ និងនិរទេសជនអន្តោប្រវេសន៍ទៅកាន់ «មជ្ឈមណ្ឌលបញ្ជូនត្រឡប់ទៅវិញ» នៅប្រទេសទីបីក្នុងតំបន់អាហ្វ្រិក និងកន្លែងផ្សេងទៀត ជាអ្វីដែលក្រុមសិទ្ធិមនុស្សព្រមានថា ជាការកំពុងអនុវត្តយ៉ាងស្ងប់ស្ងាត់នូវយុទ្ធសាស្ត្រស្រដៀងនឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលធ្លាប់រងការរិះគន់ជាសាធារណៈនៅទូទាំងប្លុកដែលមាន ២៧ ប្រទេសមួយនេះ។

សហភាពអឺរ៉ុប បន្តរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ បន្ទាប់ពីបក្សស្តាំនិយម បានឡើងកាន់អំណាចនៅប្រទេសមួយចំនួនក្នុងឆ្នាំ២០២៤។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា វិធានការថ្មីៗទាំងនេះនឹងរារាំងកុំឱ្យមានការកើតឡើងវិញនូវវិបត្តិឆ្នាំ២០១៥ ដែលបង្កឡើងដោយសង្គ្រាមស៊ីវិលនៅស៊ីរី ដែលនៅពេលនោះ មានមនុស្សប្រហែល ១លាននាក់ បានទៅដល់អឺរ៉ុបដើម្បីស្វែងរកសិទ្ធិជ្រកកោន។
លោកស្រី Von der Leyen លើកឡើងថា៖ «អឺរ៉ុបបានរៀនសូត្រពីមេរៀនពីអតីតកាល ហើយនៅថ្ងៃនេះ អឺរ៉ុបរៀបចំខ្លួនបានល្អជាងមុន»។ គោលនយោបាយថ្មីទាំងនេះ ដែលគេស្គាល់ថាជា «កិច្ចព្រមព្រៀងស្តីពីអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោន» នឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី១២ ខែមិថុនា។
បក្សស្តាំនិយមជ្រុលជាច្រើននៅអឺរ៉ុប បានសរសើរគោលនយោបាយនិរទេសរបស់លោក Trump ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុបអនុវត្តតាមវិធីសាស្ត្រស្រដៀងគ្នានេះ។ យ៉ាងណាមិញ ក្រុមសិទ្ធិមនុស្សបានព្រមានថា អាជ្ញាធរកំពុងរុញច្រានជនអន្តោប្រវេសន៍ចេញពីព្រំដែនសហភាពអឺរ៉ុបដោយខុសច្បាប់រួចទៅហើយ និងកំពុងធ្វើឱ្យការការពារតាមផ្លូវច្បាប់របស់ពួកគេចុះខ្សោយ៕

