ការចរចារបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)បានបញ្ចប់ដោយភាពជាប់គាំងនៅព្រឹកថ្ងៃចន្ទ ទី ៣០ ខែមីនានេះ ខណៈប្រទេសប្រេស៊ីល បានរារាំងបំណងរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីបន្ថែមពេលការផ្អាកពន្ធសម្រាប់ការបញ្ជូនអេឡិចត្រូនិក ជាការវាយប្រហារថ្មីមួយដល់ស្ថាប័នពាណិជ្ជកម្មដែលកំពុងជួបបញ្ហា។

លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា ការផ្អាកពាណិជ្ជកម្មអេឡិចត្រូនិកបានផុតកំណត់ហើយ មានន័យថាប្រទេសនានាអាចអនុវត្តពន្ធលើទំនិញអេឡិចត្រូនិក ដូចជាការទាញយកឌីជីថល និងការផ្សាយតាមអ៊ីនធឺណិត។

ប៉ុន្តែលោកស្រី បាននិយាយថា អង្គការពាណិជ្ជកម្មពិភពលោកសង្ឃឹមថានឹងអាចស្តារឡើងវិញការផ្អាកនេះ ហើយប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិកកំពុងព្យាយាមដើម្បីឈានដល់កិច្ចព្រមព្រៀង។
ការរំពឹងទុកមានកម្រិតទាបមុនពេលចាប់ផ្តើមកិច្ចប្រជុំ ប៉ុន្តែការបរាជ័យក្នុងការព្រមព្រៀងលើការពន្យារពេលការផ្អាកពាណិជ្ជកម្មអេឡិចត្រូនិក គឺជាការដើរថយក្រោយយ៉ាងខ្លាំងចំពោះអង្គការពាណិជ្ជកម្មពិភពលោក ។