នគរបាលបាននិយាយថា អតីតរដ្ឋមន្ត្រីថាមពលនេប៉ាល់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងការស៊ើបអង្កេតការលាងលុយកខ្វក់ ជាការចាប់ខ្លួនមនុស្សល្បីៗជាបន្តបន្ទាប់ ដែលរួមមានអតីតនាយករដ្ឋមន្ត្រី ចាប់តាំងពីរដ្ឋាភិបាលថ្មីឡើង កាន់អំណាច។
ការប្រកាសនេះ បានកើតឡើង រយៈពេលពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Balendra Shah បានស្បថចូលកាន់តំណែង ក្រោយពីគណបក្សរបស់លោកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតលើកដំបូង ចាប់តាំងពីការបះបោរប្រឆាំងអំពើពុករលួយដ៏សាហាវនៅឆ្នាំ ២០២៥ ដែលបានបណ្តេញអតីតនាយករដ្ឋមន្ត្រី KP Sharma Oli ចេញពីតំណែង។

នៅក្នុងការឆ្មក់ឆែកកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ លោក Oli និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Ramesh Lekhak ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ពីបទបង្ក្រាបការតវ៉ា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៦នាក់ ស្លាប់។
អ្នកនាំពាក្យការិយាល័យស៊ើបអង្កេតកណ្តាល លោក Shiva Kumar Shrestha បាននិយាយថា អតីតរដ្ឋមន្ត្រីក្រសួងថាមពលលោក Deepak Khadka ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងករណីទាក់ទងនឹងការលាងលុយកខ្វក់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Sudan Gurung ដែលជាមេដឹកនាំសំខាន់ម្នាក់នៅក្នុងការតវ៉ានោះ បាននិយាយថា លោក Khadka ត្រូវបានចាប់ខ្លួនទាក់ទងនឹងការស៊ើបអង្កេតប្រាក់ដែលរឹបអូសបានពីលំនៅឋានរបស់លោក ក្នុងអំឡុងពេលមានភាពចលាចល កាលពីឆ្នាំមុន៕
