ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី២៩ ខែមីនា ឆ្នាំ២០២៦) បានបញ្ជាក់ថា សង្គ្រាមរបស់អាមេរិក-អ៊ីស្រាអែល បានសម្រេចបានការផ្លាស់ប្តូររបប នៅក្នុងប្រទេសអ៊ីរ៉ង់ ទោះបីជាលោកបានធានាថា លោកនឹង «ធ្វើកិច្ចព្រមព្រៀង» ជាមួយអ៊ីរ៉ង់ក៏ដោយ។
ដោយលើកឡើងពីចំនួនមេដឹកនាំអ៊ីរ៉ង់ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរយៈពេល ១ខែ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ស្ទើរតែប្រាកដណាស់ ខ្ញុំគិតថា យើងនឹងធ្វើកិច្ចព្រមព្រៀងជាមួយពួកគេ ប៉ុន្តែយើងមានការផ្លាស់ប្តូររបប»។

លោក Trump បានបន្ថែមថា៖ «យើងកំពុងដោះស្រាយជាមួយមនុស្សផ្សេងៗគ្នា ជាជាងជាមួយនរណាម្នាក់ដែលធ្លាប់ធ្វើកាលពីមុន។ វាគឺជាក្រុមមនុស្សខុសៗគ្នាទាំងស្រុង។ ដូច្នេះ ខ្ញុំនឹងពិចារណាអំពីការផ្លាស់ប្តូររបបនោះ»។
លោក Ayatollah Mojtaba Khamenei ជាកូនប្រុសរបស់អតីតមេដឹកនាំកំពូល លោក Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសតាំងពីដើមដំបូងនៃសង្គ្រាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលទី៣ របស់ប្រទេសនេះ ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។
ចាប់តាំងពីជម្លោះ បានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់មក ទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលប្រហែល ២០ភាគរយនៃប្រេង និងឧស្ម័នរបស់ពិភពលោកឆ្លងកាត់ច្រកសមុទ្រនេះ។
ការរាំងខ្ទប់នោះបានធ្វើឲ្យតម្លៃប្រេងសកលហក់ឡើង ប៉ុន្តែលោក Trump បានអះអាងថា ភាពធូរស្រាលកំពុងកើតមាន ក្នុងទម្រង់ជាសម្បទានពីអ៊ីរ៉ង់ ដោយរំពឹងថា នឹងមានការឆ្លងកាត់នៃនាវាដឹកប្រេងជាច្រើនគ្រឿងតាមរយៈផ្លូវទឹកដ៏សំខាន់នេះ៕
