មន្ត្រីអ៊ីរ៉ង់មួយរូប កាលពីថ្ងៃអាទិត្យ (ទី២៩ ខែមីនា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មានសិស្សនិស្សិត និងគ្រូបង្រៀនយ៉ាងហោចណាស់ចំនួន ២៨១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ចាប់តាំងពីខែមុន។
ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងទំនាក់ទំនងសាធារណៈនៅក្រសួងអប់រំ លោក Hossein Sadeghi (ហូសេន សាដេហ្គី) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា ចំនួនអ្នកស្លាប់ រួមមានសិស្សនិស្សិតចំនួន ២២២នាក់ កុមារមត្តេយ្យសិក្សា ៤នាក់ គ្រូបង្រៀន ៤៨នាក់ និងបុគ្គលិកអប់រំចូលនិវត្តន៍ ៧នាក់។

ជាមួយគ្នានេះ លោក Sadeghi បានឲ្យដឹងទៀតថា សិស្ស និងបុគ្គលិកអប់រំចំនួន ១៨៥នាក់ ក៏បានរងរបួសនៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលនេះផងដែរ។ ហើយលោកបានបញ្ជាក់បន្ថែមថា ការវាយប្រហារនេះបានធ្វើឲ្យខូចខាតដល់ស្ថាប័នរដ្ឋបាល វប្បធម៌ និងអប់រំចំនួន ៧៨៩កន្លែង រួមទាំងសាលារៀន ៧០០ខ្នង អគាររដ្ឋបាល ៤០ខ្នង ទីតាំងកីឡា ៣០កន្លែង ជំរំសិស្ស ៥កន្លែង និងមជ្ឈមណ្ឌលវប្បធម៌ និងអប់រំ ១៤កន្លែង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ១.៣៤០នាក់ រួមទាំងមេដឹកនាំកំពូល Ali Khamenei ផងដែរ។ អ៊ីរ៉ង់បានសងសឹកជាមួយនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលវាយប្រហារ លើអ៊ីស្រាអែល រួមជាមួយហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រដែលជាទីតាំងធនធានយោធាអាមេរិក ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ក៏ដូចជាខូចខាចហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលរំខានដល់ទីផ្សារសកល និងអាកាសចរណ៍៕


