លោក Min Aung Hlaing គឺជាមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ នៅថ្ងៃចន្ទនេះ បានលាលែងពីតំណែងរបស់ខ្លួន ដើម្បីឈរឈ្មោះធ្វើជាប្រធានាធិបតីនៅការបោះឆ្នោតសភា បន្ទាប់ពីការបោះឆ្នោតសកលលើកដំបូងក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីការដណ្តើមអំណាចបង្កឲ្យមានសង្រ្គាមស៊ីវិល ហើយតំណែងនេះ ត្រូវបានប្រគល់ជូនលោក Ye Win Oo ឲ្យកាន់ជំនួសវិញ ។
ឧត្តមសេនីយ៍វ័យ ៦៩ឆ្នាំរូបនេះ ដែលបានក្លាយជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ចាប់តំាងពីឆ្នាំ ២០១១រហូតមកនោះ ស្ថិតក្នុងចំណោមមនុស្ស ២នាក់ ដែលត្រូវបានតែងតាំងជាបេក្ខជនអនុប្រធានាធិបតី ដោយក្រុមតំណាងរាស្រ្តមកពីសភាជាន់ទាបទើបកោះប្រជុំថ្មីរបស់មីយ៉ាន់ម៉ា ។

សភាជាន់ខ្ពស់មីយ៉ាន់ម៉ា នឹងតែងតាំងផងដែរបេក្ខជនអនុប្រធានាធិបតី ក្នុងនោះសភាទាំង ២ នឹងជ្រើសរើសប្រធានាធិបតីក្នុងចំណោមបេក្ខជនទាំង ៣រូប នៅការបោះឆ្នោតលើកក្រោយ ។ កាលបរិច្ឆេតសម្រាប់ការបោះឆ្នោតនេះ ពុំត្រូវបានប្រកាសឲ្យដឹងនោះទេ ។
លោក Kyaw Kyaw Htay គឺជាតំណាងរាស្រ្តមកពីគណបក្សចំណុះយោធា និយាយនៅរដ្ឋសភាថា លោកឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ត្រូវបានស្នើសុំ ឲ្យធ្វើជាបេក្ខជនអនុប្រធានាធិបតី ។
ការស្នើសុំនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតជម្លោះ ដែលបានរៀបចំឡើងកាលពីខែធ្នូរ និងខែមករា បើទោះបីជាមានជម្លោះហែកហួរប្រទេសមួយនេះក៏ដោយ និងត្រូវបានឈ្នះដោយគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាពស្ថិតក្រោមចំណុះយោធា ប៉ុន្តែត្រូវបានគេចាត់ទុកថាជាភាពអាម៉ាស់មួយដោយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាច្រើននៅលោកខាងលិច ៕
