រដ្ឋាភិបាលបារាំង បានឲ្យដឹងថា រដ្ឋមន្ត្រីមកពីក្រុមប្រទេសទាំងមានឧស្សាហកម្មឈានមុខគេទាំង៧ (G7) នឹងបើកកិច្ចពិភាក្សា នៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) នេះ ដើម្បីស្រាយស្រាយផលវិបាកផ្នែកសេដ្ឋកិច្ច ដោយសារសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលតម្លៃប្រេង និងឧស្ម័ននៅតែបន្តឡើងខ្ពស់។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ហើយទីក្រុងតេអេរ៉ង់បានតបតវិញដោយកំណត់គោលដៅប្រទេសនាំចេញប្រេងឆៅ នៅក្នុងតំបន់ និងបញ្ឈប់ការដឹកជញ្ជូនឆ្លងកាត់ឈូងសមុទ្រ។ ការរាំងខ្ទប់ដល់ការផ្គត់ផ្គង់ បានជំរុញឲ្យតម្លៃប្រេង និងឧស្ម័នធម្មជាតិ ហក់ឡើងខ្ពស់ខ្លាំង ដោយនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មជាច្រើនដែលពុំអាចរៀបរាប់អស់។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Roland Lescure បាននិយាយថា កិច្ចប្រជុំ G7 ដែលនឹងធ្វើឡើងតាមរយៈសន្និសីទតំណភ្ជាប់វីដេអូ នឹងរួមបញ្ចូលរដ្ឋមន្ត្រីក្រសួងថាមពល និងហិរញ្ញវត្ថុ ក៏ដូចជាប្រធានធនាគារកណ្តាល និងប្រមុខទីភ្នាក់ងារអន្តរជាតិផ្សេងទៀត។

លោក Lescure បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែមីនាថា៖ «មានភាពខុសគ្នារួចទៅហើយនៅក្នុងការឆ្លើយតបដែលភាគច្រើនភ្ជាប់ទៅនឹងភាពខុសគ្នានៃការប៉ះពាល់នឹងវិបត្តិ» ដោយសង្កត់ធ្ងន់ថា តំបន់អាស៊ីត្រូវបានប៉ះពាល់ជាពិសេសដោយសារភាពចលាចលនេះ។ នោះគឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលយើងចង់កោះប្រជុំ G7 ផ្នែកហិរញ្ញវត្ថុ ថាមពល និងធនាគារកណ្តាល»។
លោកបានបន្ថែមថា គំនិតនេះ គឺដើម្បីផ្លាស់ប្តូរទស្សនៈលើផលប៉ះពាល់លើទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដោយក្រោយមក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នេះគឺជាលើកដំបូងក្នុងរយៈពេលកន្លះសតវត្សរ៍ដែល G7 បានប្រើប្រាស់ទម្រង់នេះ។
ក្រោយកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេស G7 បានលើកឡើងថា វាគឺជា «ភាពចាំបាច់ទាំងស្រុង» ដែលអ៊ីរ៉ង់ត្រូវស្ដារឡើងវិញនូវការឆ្លងកាត់ដោយសេរី តាមរយៈច្រកសមុទ្រ និងបានអំពាវនាវឲ្យបញ្ចប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕
